ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែងស្រីសម្តីចាក់ទឹកមិនលិច អ្នកនាង ខ្ញុង ដែលល្បីថាមានមុខរបរច្រើនរាប់មិនអស់នោះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា «នាងខ្ញុំមានលក់សាច់ក្រកពិសេស សាច់ក្រកនាងខ្ញុំផលិតដោយផ្ទាល់ដៃ មិនមែនទិញតពីគេនោះទេ» ។

គួរកត់សម្គាល់ថា ចាប់តាំងពីប្រកាសពីចំណងស្នេហ៍ថ្មីជាមួយនាយ កៃដ, អ្នកនាង ខ្ញុង កាន់តែខិតខំប្រឹងប្រែងរកលុយស្ទើរតែគ្មានពេលវេលាសម្រាក ពីព្រោះនាងចង់បានប្រាក់ចំណូលបន្ថែមទៀត ដើម្បីពង្រឹកជីវភាពគ្រួសារ មិនថា ការកំប្លែង ច្រៀងភ្លេងការ ច្រៀងកាត់សក់ ជួលតុ រោង ពិសេសថ្មីនេះអ្នកនាង ខ្ញុង បានបង្កើតមុខរបរមួយទៀត គឺធ្វើសាច់ក្រកលក់តាមអនឡាញ ទោះបីជាអាជីពលក់សាច់ក្រក មិនមែនជាអាជីពធំដុំ ប៉ុន្តែអ្នកនាង ខ្ញុង រីករាយជាមួយនឹងអាជីពថ្មីរបស់ខ្លួនខ្លាំងណាស់ ។

តារាកំប្លែងរូបនេះ បានបង្ហើបប្រាប់ថា «ឥឡូវលក់ដាច់ណាស់ ធ្វើសាច់ក្រកអត់ទាន់ឲ្យអតិថិជនទេ នៅមានអ្នកកម្មង់ច្រើននាក់ទៀត»។ ជុំវិញរឿងនេះ អ្នកជិតស្និទ្ធម្នាក់ បានឲ្យដឹងថា “អ្នកនាង ខ្ញុង មិនមែនធ្វើសាច់ក្រកតែម្នាក់ឯងទេ គឺមានបុគ្គលិក ២ ទៅ៣ នាក់ដែរ ហើយនាងកំពុងត្រូវការបុគ្គលិកបន្ថែមទៀត ដើម្បីផលិតសាច់ក្រកឲ្យបានច្រើនទាន់ការកម្មង់របស់អតិថិជន” ៕