ភ្នំពេញ៖ ប៉ុន្មានថ្ងៃ​ក្រោយបុណ្យអុំទូក តារាចម្រៀងដ៏ល្បីផលិតកម្មសាន់ដេ ខាន់ ជេមស៍ ធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានភ្ញាក់ផ្អើលដ៏កក្រើកពេញបណ្តាញសង្គមហ្វេស​ប៊ុក គឺតារាចម្រៀងរូបនេះ ​បានបង្ហាញមុខប្រពន្ធកូនដែលខំលាក់បាំងជាង ១០ឆ្នាំ ដោយបានបង្ហោះរូបភាពប្រពន្ធកូន ថែមទាំងបញ្ចោញសារផ្អែមល្ហែមទៀតផង ដែលបានសរសេរថា “នារីម្នាក់នេះហើយ ដែលតែងតែនៅក្បែររូបខ្ញុំជានិច្ច ពេលដែលខ្ញុំលំបាក អរគុណគ្រប់យ៉ាងអូនសម្លាញ់”។ ការទម្លាយនូវអាថ៌កំបាំងនេះ លោក ខាន់ ជេមស៍ បានធ្វើឱ្យភរិយាឈ្មោះ សុខ សុចិន្តា សប្បាយចិត្តជាខ្លាំង ថែមទាំងបានប្រកាសជាសាធារណៈថា “មិនដែលគិត ហើយក៏មិនដែលខ្វល់ តែចង់ប្រាប់អ្នកទាំងអស់គ្នាថា គ្រួសារមួយនេះមានក្តីសុខបំផុតហើយ”។

ជុំវិញរឿង ខាន់ ជេមស៍ បង្ហាញមុខប្រពន្ធកូននេះ ធ្វើឲ្យមហាជនងាកទៅចាប់អារម្មណ៍តារាចម្រៀងប្រុសល្បីៗ ជាច្រើនបានបង្ហាញពីចំណងអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ ដូចជា លោកព្រាប សុវត្ថិ, លោក ឆាយ វីរៈយុទ្ធ, លោក កែវ វាសនា ជាដើម ។ ដោយឡែកតារាចម្រៀងប្រុសដ៏ល្បីលំដាប់ទី២បន្ទាប់ពី ព្រាប សុវត្ថិ គឺ លោក ខេមរៈ សិរីមន្ត នៅតែ​ព្យាយាមលាក់ប្រវត្តិប្រពន្ធកូនជិត ២០ឆ្នាំមកហើយ ទោះបីមានអ្នកជិតស្និទ្ធមួយចំនួនដឹងច្បាស់ថា តារាចម្រៀង ខេមរៈ សិរីមន្ត មានប្រពន្ធ និងកូនប្រុស២នាក់ គួរឱ្យស្រលាញ់ ហើយភរិយារបស់លោក មានសម្បុរស្រអែមស្រស់ ដែលជាកូនស្រីមន្ត្រីធំម្នាក់ពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ ។ ទន្ទឹមពេលនេះ តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែមិនទាន់ហ៊ានបង្ហាញមុខប្រពន្ធកូនថែមទៀត ព្រោះលោកទើបចូលហង្សមាស កំពុងប្រឹងប្រែងស្វែងរកការគាំទ្រខ្លាំងពីសំណាក់មហាជន ៕