កម្ពុជាក្រោម៖ ផ្ទុះកក្រើកផ្អើលអ្នកលេងបណ្ដាញសង្គម និងពលរដ្ឋកម្ពុជា​ក្រោម​កំពុង​តែ​ធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើកងទព័ នៃរបបកម្មុយនីស្ដវៀតណាម បន្ទាប់ពី​យុវជន​កម្ពុជាក្រោមម្នាក់បានស្លាប់ដ៏អាថ៌កំបាំងក្នុងបន្ទាយទាហ៊ានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២១០៩នេះ ដែលមានទាំងស្នាមជាំ និងស្នាមវះកាត់ជាច្រើនកន្លែង ដោយ​មិនបានផ្ដល់ដំណឹងដល់ក្រុមគ្រួសារនៃសពជាមុន ដែលត្រូវបានមហាជនសង្ស័យ​ថាការស្លាប់របស់យុវជន វិញ ជុង (Huynh Chung) ដោយការធ្វើទារុណកម្ម។

ដោយក្នុងការស្លាប់របស់យុវជន វិញ ជុង គ្មានអាជ្ញាធរវៀតណាមរូបណា បញ្ជាក់​ពីមូលហេតុច្បាស់លាស់ក្នុងបន្ទាយទាហ៊ាននោះឡើយ ក្រុមគ្រួសារសព និងអ្នក​ប្រើបណ្ដាញសង្គម ហ្វេសប៊ុកបានថ្កោលទោសចំពោះទង្វើរ​បស់ក្រុម​ទាហ៊ាន​វៀត​ណាម និង​ទាម​ទារ​ឲ្យមានការស៊ើបអង្កេត និងបកស្រាយឲ្យបាន​ច្បាស់នូវករណី​ស្លាប់ដ៏អាថ៌កំបាំងនេះ។ សាកសពរបស់យុវជនខ្មែរក្រោមនេះ គឺមានស្នាមជាំនៅលើខ្លួន ដែលត្រូវបានគេសង្ស័យថា យុវជនរូបនេះ អាចត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់​ នេះបើតាមសារព័ត៌មានព្រៃនគរ។

បើ​​តាម​វីដេអូ​ឃ្លី​បដែល​អ្នកស្រុក​បាន​បង្ហោះ​ នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ បង្ហាញ​ពី​ក្រុម​គ្រួសារ​សព​បានចោទសួរ​ទៅ​តំណាង​ក្រុម​នគរបាល​វៀតណាម មូលហេតុនៃការស្លាប់ និងសមត្ថកិច្ចយកសាកសពទៅវះកាត់ ដោយមិនផ្ដល់ តំណាង​នគរបាល​វៀតណាម​​បាន​ឆ្លើយ​ថា​ គេ​មិន​ហ៊ាន​ផ្ដល់​ដំណឹងពី​​ករណី​ស្លាប់​នេះ​ភ្លាម​ៗដល់​ក្រុម​គ្រួសារ​បាន​ទេ​ ព្រោះ​ខ្លាច​នឹង​មានការ​តត់​ស្លុត​ ទើប​គេសម្រេច​ផ្ដល់​ដំណឹង​ជាដំបូង​ថា​ យុវជន​ វិញ​ ជុង​ បែរជាឈឺ​រហូតដល់​ស្លាប់ទៅវិញ​៕