ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងវប្បធម៌ បានសម្រេចប្រគល់​សិទ្ធគ្រប់​គ្រង​បទចម្រៀងចំនួន៥៥បទ ទៅលោកស្រី គាត គឹមលន ភរិយារបស់សពកវីនិពន្ធ គង្គ ប៊ុនឈឿន របស់លោកស្រី ដែលជាបុគ្គលល្បីល្បាញ ក្នុងប្រទេសកម្ពុជា ដើម្បីការ​សា្នដៃ​​ប្ដី ក្រោយពីមានការលួចចម្លងស្នាដៃនិពន្ធជាច្រើន ដែលយកមកកែឃ្លោងឃ្លារ កែភ្លេង និងធ្វើជាអាជីវកម្មខុសច្បាប់ តាមប្រព័ន្ធយូធូប (Youtube) ឬតាមប្រព័ន្ធ​ផ្សព្វផ្សាយៗសាធារណៈ ដោយគ្មានការសុំការអនុញាតិព្រមព្រៀងពីម្ចាស់កម្មសឹទ្ធ។

យោងតាមសេចក្តីប្រកាសរបស់មេធាវី ការពារសិទ្ធិលោកស្រី បានបញ្ជាក់ថា «ទង្វើរនេះ គឺជាការរំលោភដ៏ធ្ងន់ធ្ងរលើ​ច្បាប់​ស្តីពីសិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ឆ្នាំ២០០៣ និងជា​ពិសេស លើសិទ្ធិ​បេតិកភណ្ឌ ឬ​សិទ្ធិសីលធម៌ ​របស់​​លោកស្រី គាត គឹមលន ដែលធ្វើឱ្យលោក​ស្រីមាន​ការឈឺចាប់ និង​វា​ជា​ការ​​ប្រមាថ​ដ៏ធ្ងន់ធ្ងរដល់​ការ​ខិត​​ខំប្រឹងប្រែង និពន្ធស្ទើរមួយជីវិតរបស់លោកកវីនិពន្ធ គង្គ ប៊ុនឈឿន។  ទង្វើរបែបនេះ ​ក៏ជា​​ការ​ធ្វើ​​ឱ្យ​អ្នក​​និពន្ធ​នានា​​រុញរា​ក្នុង​ការ​បង្កើត​ចម្រៀងដើមថ្មីៗ នាពេលខាងមុខដែរ និងមិនរួមចំណែកអ្វី​ទាល់​តែសោះ ​ដល់​ការ​អភិវឌ្ឍ​វប្បធម៌​ និងសង្គម»។

លោកមេធាវី ពេជ អង្គ ដែលតំណាងលោកស្រី គាត គឹមលន បានព្រមាន​ពីវិធានការ​ផ្លូវច្បាប់ថា «សូម​​ស្នើសុំឱ្យអ្នក​ដែល​បានរំលោភបំពានសិទ្ធិទាំងនេះ បញ្ឈប់ និងដក​ហូត​ចម្រៀង​និង​បទភ្លេង​ទាំង​នេះពីប្រព័ន្ធចែកចាយ ​និង​ទី​តាំង​​ធ្វើអាជីវកម្ម​នានាជា​បន្ទាន់ ក្នុងករណីបន្ត យើងនឹងពិចារណា​ចាត់​វិធាន​​ការតាម​ច្បាប់​ជាធរ​មាន ហើយ​ចំពោះអ្នកដែលមានបំណងទទួលសិទ្ធិក្នុងការធ្វើអាជីវកម្ម ការផលិតឡើងវិញ ក្នុងទម្រង់​​បែប​ណា​មួយ​ ​លើស្នាដៃទាំងនេះ លោកស្រី គាត គឹមលន រីករាយនឹង​ពិភាក្សាអំពី​ការផ្តល់សិទ្ធិ​ធ្វើអាជីវកម្ម​»៕