ភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលពីពលរដ្ឋ​យ៉ាងខ្លាំង​នាព្រឹកថ្ងៃទី០២ ធ្នូ នេះ ខណៈមានជម្លោះ​រវាងមន្ដ្រីន​គរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះ​អាវុធចំនួន ៤គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង ដែលរឿងហេតុ​ត្រូវបាន​បង្ហាញថា​ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ ហើយធ្លាប់​ខាំជនបង្កដែល​ជាមន្ដ្រីនគរបាលខាងលើ ស្របពេលដែលមន្ដ្រីនគរបាលរូបនេះបានទាញកាំភ្លើង AK47 បាញ់​ចំនួន​៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូ​វចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ប្រភពពីលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោកបានប្រាប់​ឲ្យសារព័ត៌មានក្នុង​ស្រុក​​ដឹងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ គឺផ្ដើមចេញពីសត្វឆ្កែ​ចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់​ពាក្យសម្ដីគ្នាកាលពីពេល​កន្លងទៅផងដែរហើយមកដល់ពេលនេះ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅការិយាល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ហើយ។