ភ្នំពេញ ៖ ព្រះចៅអធិការវត្តគោកបញ្ជាន់ ព្រះតេជគុណ សេង ថង បានស្នើ​សម្ដេច​ពិ​ជ័យ​​សេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យលើឧត្តមសេនីយ៍​យោធា​២រូបទី១ លោកឧត្ត​មសេនីយ៍​ហង្ស ប៊ុនណា ទី២លោកឧត្តសេនីយ៍ហង្ស ប៊ុនឡេង និង​កូន​ប្រុស​របស់គាត់​ម្នាក់ទៀត​ឈ្មោះសំអាត វាសនា ដែលជាមន្រ្តីយោធា​នៅក្រសួង​ការពា​រជាតិដែល តែងបានដឹកនាំ​បាតុកម្មទម្លាក់​ព្រះអង្គ​ទាំងគ្មាន​កំហុសសោះ ក្នុងនោះ​ការធ្វើបាតុកម្មនេះ​ហើយដែលបានធ្វើ​ឲ្យប៉ះពាល់ដល់តម្លៃព្រះ​ពុទ្ធសាសនា​ដែលជា​សាសនារបស់រដ្ឋ។

ព្រះចៅអធិការអង្គនេះ​ក៏បាន​បញ្ជាក់លម្អិតថាកាលពីវេលាម៉ោង​៨និង៣០នាទីព្រឹក​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ មានបាតុករ១ក្រុមដឹកនាំដោយឈ្មោះហង្ស ប៊ុនឡេង និងកូន​ប្រុស បានសម្រុក​ចូល​ទៅក្នុង​វត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់​ចោម​ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំ​ពេញដោយទាមទារឲ្យដក​ព្រះអង្គចេញពីចៅ​អធិការ​វត្តចំពោះ​អ្នកចូលរួម​ធ្វើបាតុកម្មនោះ​ពុំមែន​ជាពុទ្ធ​បរិស័ទចំណុះជើង​វត្តនោះ​ឡើយ ហើយ​បានចោទព្រះអង្គថាបាន​លក់ដីវត្តទំហំ៧ម៉ែត្រ​គុណ​នឹង១៥០ម៉ែត្រ​ទៅឲ្យឈ្មួញ ប៉ុន្តែព្រះអង្គពុំបាន​ដឹងឡើយ បើផ្អែកតាមប្លង់ឆ្នាំ២០០៥ ដីនោះគឺ​ស្ថិត​នៅក្រៅដីវត្តទេ។

ភ្លាមៗនោះ​ក៏មាន​ការបញ្ជាក់​​ពីសំណាក់អភិបាល​ខណ្ឌពោធិសែនជ័យ ​លោក ហែម ដារិទ្ធ ទៅកាន់​សារព័ត៌មាន​ថា ការដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​តេជគុណ​ ​សេង​ ​ថង​ ​ព្រះចៅ​អធិការ​វត្ត​គោក​បញ្ជាន់​ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​អាជ្ញាធរ​មិន​ឯកភាព​តាម​ក្រុម​បាតុករ​នោះ​ទេ​ ​ព្រោះ​ការរៀបចំ​ជាមុន​ ​ដើម្បី​យក​ដី​វត្ត​ លោកក៏​បាន​សុំ​គោល​កា​រណ៍​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ​ឃួង​ ​ស្រេង​ ​ដើម្បី​សុំ​ការ​ការពារ​ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ ​បើ​មាន​ករណី​ក្រុម​តវ៉ា​ ​មិន​ច្បាស់លាស់​នេះ​ ​មក​តវ៉ា​ម្តង​ទៀត​នៅក្នុង​វត្ត​។