បន្ទាយមានជ័យ៖ ដោយមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានពិភាក្សាដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់គ្នាជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខ ថែមទាំងជិះដោយឥតគិតថ្លៃរហូតដល់ទៅ៣ខែទៀតផង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា រដ្ឋបាលខេត្តបានសម្រេច ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ២០នាទីម្ដង ដែលតភ្ជាប់ចរាចរណ៍​ប្រជុំជន​ទាំង​ពីរ ប្រើប្រាស់មុនគេបង្អស់ បន្ទាប់ពីក្រុងភ្នំពេញ ផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិត​ថ្លៃ​រយៈពេល៣ខែ។

លោកបានបន្ថែមថា សេវារថយន្តក្រុងខាងលើនេះ ទទួលបានការគាំទ្រពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយនឹងរថយន្ត១៥គ្រឿង ដែលអាចដាក់​ឱ្យដំណើរការ​នៅ​ឆ្នាំ​២០២០ ហើយគោលបំណងនៃការដាក់ឱ្យដំណើរនេះ គឺសម្រួលការធ្វើដំណើរ កាត់​បន្ថយ​ការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យជីវភាពប្រជា​ពល​រដ្ឋ​កាន់តែភាពល្អប្រសើរ៕