ភ្នំពេញ៖ នាយប់មិញថ្ងៃទី៩ វិច្ឆិកា បេក្ខនារីបវរកញ្ញាដើមកំណើតអ្នកស្រុកបាត់ដំបង យស ប៉ូលីណា បានបង្ហាញឈុតរាត្រីស្រមោលសរ ក្នុងការប្រកួត Miss Global 2017 ធ្វើឲ្យមហាជនមានភ្ញាក់ផ្អើល និងទទួលបានការគាំទ្រជាច្រើន ។ នៅរាត្រីថ្ងៃទី១៧ វិច្ឆិកាខាងមុខនេះ បវរកញ្ញាពិភពលោកកម្ពុជា យស ប៉ូលីណា នឹងត្រូវប្រកួតលើវិញ្ញាសាឈុតតំណាងជាតិ ដែលឈុតនោះត្រូវបានប្រសិទ្ធនាមថា “អប្សរចតុមុខ” ជាស្នាដៃសម្រិតសម្រាំងថ្មីដោយហាងប៉ារ៉ាឌី ។
ទន្ទឹមនេះមហាជនទូទៅកំពុងតែចង់ដឹងថា តើឈុត “អប្សរចតុមុខ” ខុសប្លែកពីឈុត “ទេវីក្រុងកម្ពុជាធិបតី” និង ឈុត “នាងឧសភី” យ៉ាងណា? ជាក់ស្តែងឈុតតំណាងជាតិ “អប្សរចតុមុខ” នេះ រចនាឡើងដោយមានម្កុដកំពូលស្រួច រួមជាមួយហូលពណ៌ស្លាទុំ និងមានកងដៃ កងជើងភ្លឺផ្លេកៗ ។
មួយវិញទៀតឈុត “អប្សរចតុមុខ” ត្រូវបានដាក់ដោយយោងតាមវត្ថុធាតុដើមហូល ដែលខ្មែរមានការផុលផុសប្រើប្រាស់ច្រើនក្នុងសម័យចតុមុខ និងមានសោភ័ណភាពស្អាតដូចទេពអប្សរពេលបានគ្រងដោយបវរកញ្ញា។ ឈុត “អប្សរចតុមុខ” នេះ ស្រដៀងឈុត “ទេវីក្រុងកម្ពុជាធិបតី” ត្រង់មានម្កុដកំពូលស្រួច ប៉ុន្តែខុសស្រឡះពីឈុត “នាងឧសភី” ៕
