ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុករបស់ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីប៉ុន្មានម៉ោង​មុន​នេះ បានបង្ហោះរៀបរាប់ភ្ជាប់ជារូបភាពច្រើនសន្លឹក ព្រមជាមួយពាក្យពេចន៍​រំលេច​ពី​ក្ដីស្រមៃ បើកឱ្យមានឡានក្រុងចល័តសាធារណៈពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃ គឺដើម្បីកាត់បន្ថយការចំណាយ ជួយសន្សំសំចៃថវិការបស់បងប្អូនប្រជាពលរដ្ឋ។

ដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា «ឡានក្រុងចល័តសាធារណៈ នេះជាការ​ប្រឹង​ប្រែង និងក្ដីស្រមៃទាំងយប់ទាំងថ្ងៃរបស់ខ្ញុំ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍​ទៅលើ​សេវាចរាចរណ៍។ អត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តក្រុងចល័ត គឺជួយសន្សំសំ​ចៃថវិកា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាច្រើន រថយន្តក្រុងនឹងធ្វើដំណើរចល័ត​២០នាទីម្ដងហើយ១គីឡូម៉ែត្រ មានចំណតមួយ ដែលធ្វើដំណើរឆ្ពោះពីផ្សារម៉ាឡៃ ទៅក្រុងប៉ោយប៉ែត និងទីក្រុងប៉ោយប៉ែតមកផ្សារម៉ាឡៃ»។

លោកបានបន្ថែមទៀតថា «នេះជាការសាកល្បងប្រើប្រាស់រយៈពេល១ឆ្នាំ សង្ឃឹម​ថាបងប្អូនទាំងអស់គ្នានឹងគាំទ្រ សេវានេះនឹងប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល៣ខែ បន្ទាប់ពីនេះនឹងមិនយកសេវាលើកុមារនិងចាស់ជរា»៕