សៀមរាប៖ ក្រោយពីបានរុករកជនរងគ្រោះ និងសាកសពដែលបានស្លាប់ ដោយបាក់​រលំសាលាធម្មសភាវត្ត «ប្រាសាទគោកចក» ខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ស្នង​ការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារពត៌មានក្នុងស្រុក​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹកថ្ងៃទិ០៣ ខែធ្នូ នេះថា ការបាក់រលំសាលាធម្មសភាវត្តប្រាសាទគោកចក ដោយសារ «សាងសង់ខុសបច្ចេកទេស»។

តាមសម្ដីអភិបាលខេត្តសៀមរាប លោក ទៀ សីហា ផ្តល់បទសម្ភាសដល់ភ្នាក់ងារសារ​ព័ត៌មាន​ក្នុងស្រុក នៅកន្លែងកើតហេតុថា «យើងមើលជាក់ស្តែង គឺទាំងគ្រឹះទាំងអី ប្រហែលជាមានការខ្វះខាតតិចតួចដែរ» ហើយអាជ្ញាធរ ក៏កំពុងស្រាវជ្រាវបន្តអំពីមូល​ហេតុ​នៃការបាក់រលំសាលាធម្មសភានេះ។ លោកបានបន្តថា គ្រប់អ្នកពាក់ព័ន្ធដូចជា រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា អ្នកម៉ៅការ និង ព្រះគ្រូចៅអធិការវត្ត នឹងត្រូវពិភាក្សាគ្នាអំពីចំណាត់ការផ្លូវច្បាប់ ចំពោះសំណង់ខុសបច្ចេកទេសនេះ»៕