បន្ទាយមានជ័យ ៖ កាលពីល្ងាចម្សិលមិញនេះ មានហេតុការណ៍គួរឲ្យសង្វេគមួយកើតឡើង ករណីក្មេងប្រុសវ័យទើប៣ឆ្នាំ ត្រូវគោយន្តកិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម ធ្វើឲ្យម្ដាយឪពុកយំសោកបោកខ្លួនស្ទើរបាត់ស្មារតី នឹកស្រណោះអាលោះអាល័យមិនគួរណាកូនប្រុសជាទីស្រឡាញ់ ត្រូវមច្ចុរាជឆក់យកសង្ខាទាំងក្មេងខ្ចីបែបនេះសោះ ។

រឿងរ៉ាវខាងលើកើតឡើង នៅចំណុចគល់ស្ពានភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ជាម ផានិត អាយុ៣ឆ្នាំ មានឪពុកឈ្មោះលិយ ឡា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ ភួយ សុភាន អាយុ៣០ឆ្នាំ មុនកើតហេតុ ឪពុកម្តាយក្មេងប្រុសរងគ្រោះ បានបើកគោយន្តដឹកស្រូវយកទៅលក់ ដោយយកកូន(ក្មេងរងគ្រោះ) ទៅជាមួយដែរ លុះដល់ចំណុចកើតហេតុ កង់គោយន្តបានបើកធ្លាក់ជង្ហុក ធ្វើឲ្យគោយន្តគ្រលែងធ្វើឲ្យក្មេងប្រុសរងគ្រោះធ្លាក់ដី ហើយត្រូវកង់គោយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង៕