កណ្ដាល ៖ មហាជន​ និងអ្នកប្រើប្រាស់​បណ្ដាញសង្គម​បានផ្ទុះនូវក្ដីសាទរ​យ៉ាងខ្លាំង ស្របពេល​ទង្វើ​ដ៏ប្រពៃ​របស់​តារាចម្រៀង​ទឹកចិត្ត​មនុស្សធម៌ សន វិជ្ជបុត្រ បាន​បង្កើត​នូវ​ពន្លឺ​សប្បុរ​ស​ជូន​ស្រ្តីកើ​តជំងឺ​មហារីកសុដន់​ដំណាក់កាលចុងក្រោយ​ម្នាក់ ឈ្មោះ សុភ័ក្ដ្រ ដែល​រស់នៅ​ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ដែល​កំពុងតែ​ជួប​ប្រទះ​នូវការខ្វះខាតខ្លាំង ក្នុងការទិញថ្នាំព្យាបាល តាមរយៈការអំពាវនាវ ដល់សប្បុរសជន ទាំង​ក្នុង និងក្រៅប្រទេស ដើម្បីបរិច្ចាគថវិកា ឬធនធាន ជួយដល់ស្រ្តីអភ័ព្វ​រូបនោះ។

ក្រោយពី​សេចក្ដីប្រកាស​ច្បាស់​រកមូលនិធិ​ហើយ​នោះកាលពីថ្ងៃទី០៤ ធ្នូ កន្លងទៅនេះ​ សន វិជ្ជបុត្រ រួមទាំងអ្នកសិល្បៈ​ច្រើនដួងមានទាំង​កំពូលតារាសម្ដែង​ភេទទី៣ គន់ រៀម​រតនៈ បានស្កាត់​ទាំងថ្ងៃ​យក​ថវិកា​ ប្រមាណ ជិត២ពាន់ដុល្លារ (សរុបទឹកប្រាក់​ទាំងអស់​ ១១៨០ដុល្លារ​ និង​១,០៥០,០០០​រៀល) ដើម្បីធ្វើការប្រគល់ជូនដល់ដៃស្រ្តីទុរគតខាងលើ​។ ជាមួយគ្នានោះអតីត​តារាចម្រៀងទ្រនំអិម សន វិជ្ជបុត្រ ក៏បាន​បញ្ជាក់​ថា ទោះបីជា​ជំនួយ​នេះតិចតួច​ និងមិនធ្វើឲ្យអ្នកជំងឺជាសះ​ស្បើយ​១០០​%​ក្ដី ប៉ុន្តែជាទឹក​ចិត្តខ្មែរជួយ​ខ្មែរ ជួយរំលែកនូវការខ្វះខាត និងទុក្ខលំបាករបស់គ្នាទៅវិញទៅមក។