រំភើបចិត្តណាស់ ៖ ក្មេងស្រីចូលដៃ​ក្នុង​ម៉ាស៊ីនកិនឥដ្ឋ ទទួលការ​សង្រ្គោះ​​ពីជំទាវធំ

0
271

ភ្នំពេញ ៖ កាលពីថ្ងៃទី០៩ មីនា កន្លងទៅ មហាជនបានកើតនូវក្តីអាណិតអាសូររក​ទី​បំផុត​​គ្មាន គ្រាដែលកុមារី ឆេង ស្រីភ័ក្រ អាយុ ៩ឆ្នាំ បានជួបគ្រោះចូលដៃក្នុងម៉ាស៊ីនកិន​ឥដ្ឋ នៅចំណុចសិប្បកម្មឡឥដ្ឋ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយមកដល់ថ្ងៃទី១៤ មីនា ក្រុមគ្រួសារនាងតូចក៏ទទួលបាន​នូវ​ទឹកចិត្ត​មហា​សង្រ្គោះពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដោយបានសម្រេចផ្តល់អំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើ​ប្រាស់ និងថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសជួបជាមួយម្តាយបង្កើតកុមារីរងគ្រោះ នៅទីស្នាក់ការកណ្តាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត​អាសូរដ​ល់​កុមារីរង​គ្រោះដែលជួបឧបទ្ទវហេតុរហូតបណ្តាលឱ្យពិការដៃស្តាំ​ទាំងក្មេង​ខ្ចី។ ជាមួយ​គ្នានេះ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវ​ដល់​អាណា​ព្យាបាលគ្រ​ប់រូបត្រូវយកចិត្តទុក​ដាក់មើលថែទាំកូន​ក្មួយឱ្យបានល្អ ជៀសវាង​ការប្រើ​ពលកម្ម​លើកុមា​រតូចៗដែលអាចនាំឱ្យមានសោកនាដកម្ម​ និងវិប្បដិសារីដូច​ករណីខាងលើនេះ​ ជាពិសេស​ត្រូវ​តស៊ូលះ​បង់បញ្ជូនកូន​ក្មួយ និង​ចៅៗ​ទៅ​សា​​លា​រៀនឱ្យបានគ្រប់គ្នាដើម្បីអនាគត​ភ្លឺស្វា​ង និងជួយលើក​ស្ទួយជីវភាព​គ្រួសារ។

Comments