ភ្នំពេញ៖ Page Facebook ផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះមុននេះបន្តិចថា «សូមស្វាគមន៍សមាជិកថ្មីមកកាន់គ្រួសារ ហង្សមាស គឺលោក ខេមរៈ សិរីមន្ត»។ ក្នុងនោះផលិតកម្ម រស្មីហង្សមាស ក៏បានបង្ហាញបទចម្រៀងមួយបទ មានចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលជាការបកស្រាយ ដោយ ខេមរៈ សិរីមន្ត និងនិពន្ធទំនុកច្រៀង ដោយលោក ខេមរៈ ភារុណ ជាបងប្រុស។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា សម្រាប់វត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត មានបទចម្រៀងអ្វីថ្មី ស្ទីលប្លែកៗ និងបែបបទនៃការប្រកួតប្រជែង បែបណាទេ ខណៈដែលនៅក្នុងទ្រនំហង្សមាស គឺសុទ្ធសឹងតែជាតារាចម្រៀងល្បីៗ និងមានឈ្មោះរាប់ឆ្នាំ នៅក្នុងផលិតកម្មមួយនេះ។ ជាមួយគ្នានេះ ក៏មានតារាចម្រៀងមួយចំនួន ក៏បានឈឺចិត្តស្អិតទ្រូង នឹងផលិតកម្មរស្មីហង្សមាស ហើយបានរើបង្វេចចាកចេញ ទៅកាន់ផលិតកម្មផ្សេង ច្រើននាក់រួចមកហើយដែរ។