ភ្នំពេញ៖ តារាសម្ដែងពហុជំនាញដែលធ្លាប់ជាប់ឈ្មោះជាតារាទឹកភ្នែកយំយែកស្រែកទួញ ស្វែង សុជាតា ថ្មីៗនេះបានចេញសារប្រកាសជាសាធារណៈ សុំទោសក្រុមការងារដល់ទាំងអស់ក្នុងរឿង បុប្ផាស្រុកស្រែ មិនបានចូលរួមក្នុងពិធីជប់លៀងដ៏ធំសម្បើម ខណៈកំពុងតែជួបទុក្ខធំតួអង្គឯកក្នុងខ្សែភាពយន្តខ្នាតធំ ដែលត្រៀមនឹងបញ្ចាំងនៅបរទេសប៉ុន្មានខែខាងមុខ បានចងកធ្វើអត្តឃាតបញ្ចប់ជីវិត កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ដោយប្រភពពីទំព័រហ្វេសប៊ុកតារាជាងចាស់រូបនេះបានឱ្យដឹងថា «សូមទោសផងដល់ក្រុមការងារទាំងអស់ក្នុងរឿង បុប្ផាស្រុកស្រែ ខ្ញុំមិនបានចូលរួមក្នុងកម្មវិធីជប់លៀងដ៏ធំនេះទេ ហេតុផល មិនទាន់គ្រប់បុណ្យសព៧ថ្ងៃរបស់តួអង្គឯកដើរតួជាកូនប្រុសរបស់ខ្ញុំក្នុងខ្សែភាពយន្តរបស់បរទេសមួយ ដោយការធ្វើអត្តឃាត ខ្ញុំមិនអាចមានស្នាមញញឹមទៅកាន់អ្នករាល់គ្នាក្នុងពិធីជប់លៀងនេះទេ យើងអាចមានឱកាសជួបគ្នាពេលក្រោយ តែសម្រាប់ក្មេងប្រុសម្នាក់នេះមិនវិលវិញទេ សូមទោសផងណាមិត្តភក្តិ នឹងក្រុមការងារបុស្តិ៍លេខ៥ទាំងអស់»។

លើសពីនេះទៀតតារាស្រី ដែលខ្សែជីវិតធ្លាប់ធ្លាក់ជ្រៅក្បែរមាត់រណ្ដៅមរណៈក្នុងជំងឺនោះ បានបញ្ជាក់ប្រាប់ឲ្យ តារាញូស៍ ដឹងលម្អិតថា តួអង្គឯកដែលបានធ្វើអត្តឃាតខាងលើ មានអាយុប្រមាណ១៦ ទៅ១៧ឆ្នាំ កើតក្នុងត្រកូលអ្នកសាមញ្ញ ដែលត្រូវបានអង្គការបរទេសលើកតម្កើងឱ្យដើរតួរជាអង្គឯក ក្រោយពេលឃើញពីសមត្ថភាពសម្ដែង និងទេពកោសល្យ៕