ហ្វីលីពីន៖ នាព្រឹកថ្ងៃទី១១ វិច្ឆិកា តបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តារាសម្ដែងដ៏ល្បីប្រចាំប្រទេសហ្វីលីពីន Marian Rivera ដែលប្រជាជនខ្មែរស្គាល់ថាជា ម៉ារីម៉ា និងស្វាមី បានចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី៣១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ មុខចូលក្នុងកិច្ចប្រជុំអាស៊ាន តារាសម្តែង ម៉ារីម៉ា បានថ្លែងទៅថា “ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលបានទទួលលិខិតអញ្ជើញពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ព្រោះខ្ញុំពិតជាមិនធ្លាប់ចូលរួមក្នុងកម្មវិធីបែបនេះពីមុនឡើយ។ ខ្ញុំមានអារម្មណ៍អៀនៗបន្តិចដែរ ពេលដែលត្រូវចូលរួមពិធីធំបែបនេះ”។ គួរកត់សម្គាល់ថា ប្រជាប្រិយភាពរបស់ Marian Rivera នៅកម្ពុជា គឺតាមរយៈការសម្ដែងក្នុងរឿង “នាងម៉ារីម៉ា” និងរឿងភាគផ្សេងៗ ដែលបានដាក់បញ្ចាំជាហូរហែក្នុងប្រទេសនេះ ។ តារាញូស៍មិនទាន់ទទួលបានព័ត៌មានបន្ថែមជុំវិញរឿងនេះឡើយ ដោយរង់ចាំការប្រជុំចប់សព្វគ្រប់សិន ៕