ភ្នំពេញ៖ ទីបំផុតទារិកា ម៉ីម៉ី អាចមើលឃើញពិភពលោកដ៍ស្រស់ថ្លាមួយនេះបានហើយ ក្រោយការ​វះកាត់ដូរកញ្ចក់ភ្នែក រួចរាល់មក ដែលត្រូវបានចំណាយពេលវេលាព្យាបាលអស់រយៈពេលជិត ១ឆ្នាំ នៅប្រទេសសិង្ហបុរី ដោយមានការធានារ៉ាប់រងក្នុងការចំណាយទាំងស្រុងពីលោកឧកញ៉ា ហុង ពីវ ម្ចាស់សំណង់បុរីពិភពថ្មី ។ ក្រោយទារិកា ម៉ីម៉ី ត្រលប់មក​ដល់កម្ពុជាវិញភ្លាមនារសៀលថ្ងៃទី១០ វិច្ឆិកា ឧកញ៉ា ហុង ពីវ បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ដោយការខិតខំរបស់លោកទទួលបានជោគជ័យ ពោលគឺជួយទារិកាម្នាក់ដែលឈានដល់ដំណាក់ខូចភ្នែកទាំងសង ឲ្យត្រលប់​មកមើលឃើញពិភពលោកសារជាថ្មី ។

គួរបញ្ជាក់ថា ទារិកា ម៉ីម៉ី ជាកូនកសិករក្រីក្រ រស់នៅតំបន់ដាច់ស្រយាលមួយ ពេលនាងតូចមានជំងឺភ្នែកឡើងបាយខ្លាំង ឪពុកម្តាយគ្មានលទ្ធភាពព្យាបាល ដោយជាវាសនាទារិកានេះ ត្រូវបានឧកញ៉ា ជួយជ្រោមជ្រែងព្យាបាលរហូតដល់ជាសះស្បើយ ។ បន្ទាប់លេចឮដំណឹងនេះជាសាធារណៈ មហាជនក្នុងបណ្តាញសង្គមជាច្រើន បានសម្តែងអារម្មណ៍សប្បាយរីករាយ និងបានសម្តែងការគោរព និងសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ អ្នកឧកញ៉ា ហុង ពីវ ដែលបានជួយស្រោចស្រង់ទារិកាកំសត់ម្នាក់នេះ ៕