ភ្នំពេញ៖ រឿងរ៉ាវប្តឹងផ្តល់រវាង តារាសម្តែងនី មុន្នីនាថនិងលោក អ៊ុង សូឡាង អាណិកជនខ្មែរអាមេរិក ជាអតីតគូដណ្តឹងនឹងគ្នា បានផ្ទុះឡើងជិតពីរខែរហើយ។ ជាមួយនឹងការបង្ហាញពីភាគី អាណិកជនអាមេរិកថា បានដាក់ប្តឹង នី មុន្នីថា ទៅតុលាការហើយ ទារសំណងជាង១២ម៉ឺនដុល្លារ។ ក្នុងនោះដែរក៏មានការបង្ហាញពីមេធាវី ការពារក្តី ភាគីបុរសអាណិកជនខ្មែរអាមេរិក លោក អ៊ុង សូឡាង បានបង្ហាញឲ្យព័ត៌មានដឹងជាសាធារណៈថា «មុននិងក្រោយភ្ជាប់ពាក្យ លោក អ៊ុង សូឡាង បានផ្តល់ទាំងគ្រឿងពេជ្រ និងទឹកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក តាមការស្នើសុំរបស់ នី មុនីនាថ ហើយលុយទាំងនោះ ត្រូវបានតារាសម្តែង នី មុន្នីនាថ យកទៅទិញដី និងរថយន្តជិះផងដែរ»។

ក្រោយពីមានការទម្លាយរឿងរ៉ាវ តារាសម្តែង នី មុនីនាថ បោកប្រាស់ប្រាក់និងស្នេហា គូដណ្តឹងជាអាណិកជននៅអាមេរិកនោះ ស្រីស្រស់ជាតារាសម្តែងខ្មែរដ៏ល្បីរូបនេះ មិនបានចេញមុខបកស្រាយឬក៏បដិសេធយ៉ាងណានោះទេ។ ទន្ទឹមនោះក៏មានកត់សម្គាល់ផងដែរថា មួយរយៈនេះ នី មុន្នីនាថ សូម្បីតែកម្មវិធីជប់លៀង ខួបកំណើតអ្នកសិ​ល្បៈ​ ជិតដិតក៏នាងមិនបានចូលរួមដែរ ដែលភាគច្រើន គេឃើញវត្តមានម្តាយរបស់នាង មកជំនួស និងមាន​កា​​​រ​ប​​កស្រាយ កូនស្រីថា «ហេតុផល ដែល នាថ មិនបានបង្ហាញខ្លួនចូលរួមកម្មវិធីនោះ ក៏ព្រោះមួយរយៈនេះ នាថ មានភាពមមាញឹកខ្លាំងមែនទែន និងការងារថត ទើបមិនមានពេលចូលរួមកម្មវិធី ឬក៏បង្ហាញខ្លួនក្នុងកម្មវិធីនោះ»។