ភ្នំពេញ៖ នៅប៉ុន្មានម៉ោងមុននេះកំពូលតារាចម្រៀងហង្សមាស កំពុងរន្ទឺនឹងដំណឹងត្រៀមខ្លួនចូលរោងការជាមួយប្អូនប្រុសថៅកែ កញ្ញា ឱក សុគន្ធកញ្ញា បាន បង្ហោះសារលើអ៊ីនស្ត្រាក្រាម បង្ហាញពីដំណើរទៅសួរសុខទុក្ខលោកយាយបង្កើតរបស់នាង និងអមដោយសាររីករាយថា«ឲ្យតែជួបដឹងតែសើច ឡើងហៀរទឹកភ្នែក អត់ទាន់បាននិយាយអីផង»។ ក្នុងសារនោះ តារាចម្រៀងដ៏ល្បីផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា មិនបានបញ្ជាក់ថា លោកយាយរបស់នាងបាននិយាយអ្វីខ្លះទេ បានជាធ្វើឲ្យនាងសើចឡើងទន់ខ្លួនបែបនេះ ប៉ុន្តែលោកយាយរបស់តារាចម្រៀងរូបនេះ ត្រូវបានគេស្គាល់ជាអ្នកដែលពូកែខាងវោហារសព្ទ ក៏ឧស្សាហ៍និយាយចំអន់ឲ្យចៅស្រីម្នាក់នេះរឿងរកគូស្រករ។

ដើម្បីបង្វែររឿងរបស់លោកយាយដែលនិយាយរឿងរកគូស្រករឲ្យចៅនោះ តារាចម្រៀងក្តាប់តំណែងធំៗហង្សមាសរូបនេះ ពោលពាក្យថា «អញ្ចឹងកុំឲ្យស្ត្រេសល្ងាចនេះនាំម៉ាក់យាយរាំឆាៗម្តង” ។ ក្នុងសម្តី និងកាយវិការដ៏ជិតស្និទ្ធជាមួយលោកយាយបង្កើតនេះ ត្រូវបានអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានខមមិនសរសើរយ៉ាងច្រើនថា តារាចម្រៀងមួយរូបដែលគួរឲ្យគោរពស្រលាញ់ ព្រោះនាងជាមនុស្សចិត្តគំនិតល្អ ចេះដឹង និងអាចបត់បែនបានគ្រប់កាលៈទេសៈ ។ ចំណែកចំពោះគ្រួសារទៀតសោត ម្តាយរបស់តារាចម្រៀងរូបនេះ ធ្លាប់បានសរសេរថា “កញ្ញា ជាកូនស្រីដែលដឹងគុណបំផុត ហើយនាងតែងតែឆ្លៀតពេលទំនេរបង្ករភាពស្និទ្ធស្នាលជាមួយគ្រួសារជានិច្ច” ៕