ភ្នំពេញ ៖ ថ្មីៗ​នេះ​អ្នកប្រើប្រាស់បណ្ដាញសង្គម​ហ្វេសប៊ុក​ជាច្រើន​បានប្រតិកម្ម​ និងបញ្ចេញ​មតិ​ជាខ្លាំង​ជុំវិញ​រឿងរ៉ាវ​បាល់ទាត់នារី​ជម្រើសជើងឯកថ្នាក់ជាតិ ដែល​ប្រាក់រង្វាន់​ម្ចាស់​​ស្បែកជើងមាសគឺ​កីឡា​ការិនី វឿ​ន សុ​ថា​ន ជា​កីឡា​ការិ​នី​បាល់ទាត់​សមាគម នៃ​មន្ទីរ​អប់រំ​ខេត្តកំពង់ឆ្នាំង​ និងអ្នកចាំទីល្អ បានត្រឹមម្នាក់​១០ម៉ឺនរៀលប៉ុណ្ណោះ ដែល​ប្រាក់​រង្វាន់​នេះ​ត្រូវមជ្ឈដ្ឋាន​ជា​ច្រើនធ្វើការរិះគន់ឥតសំចៃ​ និងចាត់ទុក​ថាតិច​ពេក​សម្រាប់​​ពាន​រង្វាន់​ថ្នាក់ជាតិបែបនេះ។​

យ៉ាងណាក្ដីក្រោយពីឃើញការជជែកពិភាក្សាបែបអស់សំណើច​ ម្យ៉ាង​អាណិត​ដល់កីឡាកា​រិនី​​ដែលពួកគេ​ប្រឹងប្រែង​ដើម្បីការប្រកួត​ប៉ុន្តែ​ការតបស្នង​ហាក់​តិចពេកបែបនេះ​ក៏លេច​ចេញ​នូវ​សប្បុរសជន​​ប្រកាស​ឧបត្ថម្ភ​ជាហូរហែ គ្រាដែល​ម្ចាស់គណនីឈ្មោះ ម៉ង់ ច័ន្ទ​យូដេត ក៏មិនអាចនៅស្ងៀម​បៀម​ទុក​នូវ​សេចក្ដីអាសូរបែបនេះបាន បុរស​បង្ហាញថាខ្លួន​ជា​​អ្នក​កំណើត​លើទឹកដី​ខេត្តតាកែវ​ក៏សួររក​ប្អូនស្រីទាំងពីររូបខាងលើ​ដើម្បី​ផ្ដល់ការ​បរិច្ចាគ​នូវ​សទ្ធា​ផ្ទាល់ខ្លួន​ក្នុង​សារថា «បើប្អូនបានឃើញ Status បង ប្អូនៗទាំងពីរទាក់ទងមកបង បងឧបត្ថម្ភ​លើកទឹកចិត្តដល់​ប្អូនទាំង ២ ម្នាក់ ២០ម៉ឺនរៀល»។

រំពេចពីបានឃើញ​ទឹកចិត្ត​ប្រពៃ​កើត​ចេញពី​បុរស​វ័យ​ក៏នៅក្មេង​តែហ៊ានលះបង់ធនធាន​​ដើម្បីវិស័យ​កីឡា​បែប​នេះ​ក៏ទទួល​ការកោតសរសើរ​ពីសំណាក់​មិត្តក្នុងហ្វេសប៊ុក​មិនតិច​នោះឡើយ គ្រាដែលសាមីខ្លួន​ក៏បន្ដ​បញ្ជាក់​ពីអាសយដ្ឋានសម្រាប់ទំនាក់ទំនង​ផ្ដល់ជូនកីឡាការិនី​ទាំងពីររូបខាងលើ​ក្នុង​សំណេរ​បន្ថែម​ថា « អាសយដ្ឋាន ភូមិត្រពាំងទា ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ លេខទូរស័ព្ទ 081781717»។