ភ្នំពេញ៖ ផលិតករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន លោក សុវណ្ណ រិទ្ធី ហៅលោក តា វ៉ិចទ័រ ត្រូវបានគេដឹងថាលោកជាមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ ។ ក្រៅពីគំនិតច្នៃប្រឌិត និងបំណិនប្រសព្វ  ផលិតករដែលជាឪពុកបង្កើតតារាកំប្លែងនាង វ៉ាន់ នីឡា លោកតា វ៉ិចទ័រ ជាមនុស្សចេះជួយយក​អាសាអ្នកដទៃ ជាពិសេសបុគ្គលិករបស់លោកតែម្តង គឺលោកតែងតែបណ្តុះបណ្តាលធ្វើយ៉ាងណាទទួលបានភាពជោគជ័យ ។ ជាក់ស្តែងក្រុមកំប្លែង ស៊ីធីអ៊ិន ទទួលភាពជោគជ័យមកដល់បច្ចុប្បន្ន ក៏មកពីស្នាដៃដឹកនាំ និងនិពន្ធសាច់រឿងរបស់លោកផងដែរ ។

ដោយការស្រលាញ់ពេញចិត្តអាជីពមួយនេះ នៅរសៀលថ្ងៃទី១១ វិច្ឆិកានេះ លោកតា វ៉ិចទ័រ បានលាតត្រដាងគោលបំណងជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុកថា “បំណងរបស់ខ្ញុំ គឺបណ្តុះបណ្តាលធនធានមនុស្ស កាលណាគេមានសេចក្តីសុខ គឺជាបំណងប្រាថ្នារបស់ខ្ញុំ” ។ លោកបានបន្តទៀតថា “ខ្ញុំមិនច្រណែនឈ្នានីសអ្នកណា​ម្នាក់​ទេ គឺសំខាន់រួមគ្នាបំពេញការងារតាមតួនាទីដោយទទួលខុសត្រូវ” ។ ផលិតករដ៏ឆ្នើម លោកតា វ៉ិចទ័រ តែងតែចង់ឲ្យស្ថាប័ន ស៊ីប៊ីអេស ដែលមានស្ថានីយ​ទូរទស្សន៍ ស៊ីធីអ៊ិន, ស៊ីអ៊ិនស៊ី និង ម៉ាយធីវី មានការីកចម្រើនទៅមុខជានិច្ច ហេតុនេះហើយលោកចង់ផ្ទេរចំណេះដឹងដែលលោកបានទៅសិក្សានៅប្រទេស​លោកខាងលិច និងបទពិសោធន៍រាប់សិបឆ្នាំ មកចែករំលែកបន្តឲ្យមនុស្សជំនាន់ក្រោយ ។

ទន្ទឹមនឹងការបង្ហាញគោលបំណងរបស់ផលិតកររូបនេះ ត្រូវបានបុគ្គលិកក្រោម​បង្គាប់ម្នាក់ បានបង្ហើបប្រាប់ថា “បើលោក (លោកតា វ៉ិចទ័រ) ចេះដប់ លោកចង់ឲ្យកូនចៅចេះម្ភៃ មានន័យថា លោកចង់ឲ្យបុគ្គលិកទាំងអស់មាន​សមត្ថ​ភាព​ខ្លាំងជាងលោក ដប់ដង ដើម្បីដឹកនាំស្ថាប័នណាមួយទទួលបានជោគជ័យ” ។ ក្នុងវ័យ ៤០ឆ្នាំប្លាយ លោកតា វ៉ិចទ័រ បានបង្ហាញគោលជំហរមិនចង់ចាកចេញទៅស្ថាប័នណាផ្សេងក្រៅពី ស៊ីប៊ីអេស ឬទៅប្រកបមុខរបរផ្សេងទេ ពីព្រោះ​លោកមានវ័យកាន់តែចាស់ មិនចង់ធ្វើអ្វីដែលមានការលំបាកទេ ដោយលោកទុកពេលទំនេរដើរធ្វើបុណ្យធ្វើទានសន្សំកុសលទៅជាតិមុខ ៕