ភ្នំពេញ៖ ក្រោយពីមានការប្រកាសផ្ទាល់ពីសំណាក់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បង្កើតផ្សារទំនើបដំបូងគេក្នុងប្រទេសកម្ពុជាឈ្មោះ «កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា» ដែលទទួលទិញតែកសិផលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរសុទ្ធសាធ នឹងទទួលតែកសិផលដែលមិនប្រើជាតិគីមី ដើម្បីធានានូវគុណភាព សុខភាពដល់អ្នកប្រើប្រាស់ ដែលមានការសាទរយ៉ាងច្រើនពីសំណាក់បងប្អូនខ្មែរ ក៏ដូចជាសិល្បករសិល្បការិនីចូលរួមផ្សព្វផ្សាយ។

ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ប៉ុន្មានម៉ោងមុននេះក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកផ្ទាល់គាំទ្រយ៉ាងដូច្នេះថា «ខ្ញុំបាទសូមគាំទ្រ និងចូលរួមផ្សព្វផ្សាយផ្សារទំនើប កសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដើម្បីជួយលើកទឹកចិត្តដល់កសិករ និងបង្កើតទីផ្សារសម្រាប់​ពុកម៉ែបងប្អូន​កសិករ។ សូមអំពាវនាវដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ សូមចូលរួម​ផ្សព្វ​ផ្សាយ និងលើកទឹកចិត្ត ដើម្បីឱ្យពុកម៉ែបងប្អូនទទួលបាន​នូវអាហារដែល​គ្មាន​ជាតិគីមី»។