ភ្នំពេញ៖ ចាប់តាំងពីរលត់ចំណងស្នេហ៍កក្រើកវិថីសិល្បៈជាមួយតារាចម្រៀងនិងចម្រៀងរាងតូចច្រឡឹក នាង ឡោម លក្ខិណា តារាចម្រៀងរ៉េបឌីជេ ក្តឹប មិនបានបង្ហាញនោះទេថា រូបគេមានចំណងស្នេហ៍ជាមួយនារីណាម្នាក់នោះ។ តែនៅរសៀលថ្ងៃទី១១ខែវិច្ឆិកា ឌីជេ ក៏ធ្វើឲ្យមហាជនស្រឡាំងកាំង និងរូបទារកទើបនឹងប្រសូត្រ ជាមួយនិងការអះអាងថា ជាតំណក់ឈាមរួមភរិយាក្រៅខាន់ស្លា ដែលចាប់ដៃគ្នាពីដើមឆ្នាំ២០១៦ ។
តែយ៉ាងណា ឌីជេ ក្តឹប ហាក់បង្ហាញអារម្មណ៍ប្លែក ពីអ្នកដទៃ សម្រាប់ឱកាសទទួលបានកូន រួមនឹងប្រពន្ធឆ្លងផុតការសម្រាលដោយសុវត្ថភាព មានតែបង្ហាញអារម្មណ៍សប្បាយចិត្ត ប៉ុន្តែ ឌីជេ ដែលទើបនឹងក្លាយជាអ្នកនិពន្ធប្រចាំផលិតកម្មហង្សមាសរូបនេះ បែរជាបន្ទោសខ្លួនឯងក្នុងន័យធ្ងន់ៗទៅវិញ។ ដែលក្នុងពាក្យស្តីបន្ទោសនោះ ឌីជេ ក្តឹប ក៏សារភាពថា ខ្លួនកន្លងមកធ្លាប់ដើរក្នុងផ្លូវដែលសង្គមស្អប់ឆ្ពើមផងដែរ។
ក្នុងនោះដែរឌីជេបានបង្ហោះសារបន្ទោសខ្លួនឯងខ្លាំងៗលើបណ្តាញសង្គមហ្វេសប៊ុកថា “សំណាង ឦសាន គឺជាកូនប្រុសរបស់អ្នកម្ដាយដ៏មានគុណ គួន បូរ៉ាន់ ដែលត្រូវជាភរិយាដ៏កំសត់ឥតខាន់ស្លារបស់បុរសចោលម្សៀតគ្មានប្រយោជន៍ ចាន់ សំណាង” ។ ដែលកន្លងមកក៏ធ្លាប់ដើរផ្លូវខុសធ្ងន់ធ្ងរធ្វើបាបចិត្តម្តាយឪពុកឲ្យស្គមរីងរៃ ដើរប្រឡូកចូលក្នុងសង្គមងងឹត និងប្រើប្រាស់គ្រឿងញៀន ។ ទោះជាយ៉ាងណា តារាចម្រៀងដែលធ្លាប់ជាអ្នកនិពន្ធចម្រៀងម្នាក់ដែរ ឌីជេ ក្តឹប ក៏មិនភ្លែចពោលពាក្យចេញពីក្នុងចិត្តថា “អរគុណអូន និងកូន ដែលបានផ្លាស់ប្ដូរផ្នត់គំនិតដ៏ឆ្គួតលីលារបស់បង” ៕