ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ កំពុងផ្ទុះឡើង នៅក្នុង​ទីក្រុងវូហាន (Wuhan) ខេត្តហ៊ុយបេ (Hubei) ប្រទេសចិន យ៉ាងខ្លាំងនោះ​ប្រទេសកម្ពុជា និងប្រទេសជិត​ខាងក៏បានចេញវិធានការទប់ស្កាត់ជំងឺនេះ នៅតាមព្រលានយន្តហោះ​ដែលមានជើង​ហោះហើរត្រង់ទៅ​កាន់ទីក្រុងមួយនេះ ស្របពេល​របាយការណ៍ពីវេបសាយជើងហោះហើរ Skyscanner បាន​បង្ហាញថា មានជើងហោះហើរត្រង់ពីទីក្រុងវូហាន (Wuhan) មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ក្នុងរយៈពេលតែ៤ម៉ោង និង ៤៥នាទីតែប៉ុណ្ណោះ។

យ៉ាងណាក្ដី​ក្រោយឃើញ​នូវរបាយ​ការណ៍នេះ​បានធ្វើឲ្យពលរដ្ឋ​ក្នុងប្រទេសកម្ពុជា​ហាក់​បង្ហាញនូវក្ដីបារម្ភ និងសំណូមពរ​ដល់ក្រសួង​សូមជួយទប់ស្កាត់​នូវជំងឺដែលមិនទាន់​ស្គាល់​អត្តសញ្ញាណនេះ។ ក្នុងនោះបើទោះ​បីគេពុំទាន់រកឃើញមានកើតជំងឺនេះនៅកម្ពុជា តែក្រសួងសុខាភិបាលក៏បានដាក់ម៉ាស៊ីនស្កេនកម្ដៅ នៅអាកាសយានដ្ឋាន៣ធំៗគឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ដើម្បី​ស្រាវជ្រាវ​រកការសង្ស័យ និងត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ផងដែរ។