ភ្នំពេញ ៖ តារាសម្ដែងដ៏មានប្រជាប្រិយភាពរាងខ្ពស់សង្ហា លោក សាយ សៀរ៉ា​ តំណាងសមាគមមិត្ត​សិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំយកថវិកា និងអង្ករ រៀងរាល់ខែ ជូនសិល្បករចាស់ៗ ចំនួន៣ រូប រួមមាន៖ ១.លោកយាយ សូ សំអឿន, ២.លោកគ្រូ នូ ស៊ឹប, ៣.អ្នកនាង អ៊ុំ គន្ធា ដែលពួកគាត់មានជំងឺប្រចាំកាយ និងជីវភាពមានការខ្វះខាត ។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ។​អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែល​បា​ន​ឧបត្ថម្ភ​ថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។