ភ្នំពេញ ៖ តារាចម្រៀងលំដាប់ប្រទេសកញ្ញា ពេជ្រ សូលីកា ហាក់កំពុងទទួលរងការវាយប្រហាររិះគន់ និងការជាន់ពន្លិចពីមនុស្សអគតិមួយចំនួន ដោយទាញកេរ្ដិ៍ឈ្មោះជាអ្នកសិល្បៈរបស់នាងពាក់ព័ន្ធរឿងរ៉ាវឃាតកម្ម ករណីដែលម្ដាយបង្កើតបស់នាង ក្លាយជាជនសង្ស័យសម្លាប់ស្ដ្រីរកស៊ីចងការប្រាក់ដែលជាគូស្នេហ៍កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅសង្កាត់ចាក់អង្រែក្រោម។

ស្របពេលដែលកំពុងទទួលរងការបាក់ទឹកចិត្តធ្ងន់ធ្ងរចំពោះបញ្ហានេះ នាងបានចេញសារបង្ហាញអារម្មណ៍ឈឺចាប់ដូច្នេះថា «ព័ត៌មាន និងសង្គមមនុស្ស ដែលបានវាយប្រហារមកលើខ្ញុំ រូបថតខ្ញុំ ឈ្មោះរបស់ខ្ញុំ តើខ្ញុំប្រឈមមុខជាមួយកូនខ្ញុំ ទៅថ្ងៃអនាគតយ៉ាងម៉េច? បើខ្ញុំមិនមែនជាតារា ជាមនុស្សធម្មតា មិនមានអ្នកស្គាល់ខ្ញុំ តើបងៗសារ ព័ត៌មាន អាចមកយករូបខ្ញុំ ប្រើឈ្មោះរបស់ខ្ញុំ មកដាក់ទន្ទឹមគ្នាជាមួយជនរងគ្រោះដែលមានគ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះដែរទេ? ខ្ញុំនិយាយតាមត្រង់ ខ្ញុំពិតជាបាក់ទឹកចិត្តខ្លាំងណាស់ក្នុងពេលឥឡូវនេះ ហើយខ្ញុំក៏ខ្លាចពាក្យថាជីវិតសិល្បៈមួយនេះដែរ នេះមិនមែនជាការសម្ដែងតែវាជាអាម្មណ៍ពិតរបស់ខ្ញុំ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីអង្គុយហើយយំ លេបបាយមិនចូល»។

នាងបានបន្តរៀបរាប់ បង្ហាញការអាណិតអាសូរដល់ប្អូនស្រីពៅដែល មានអាយុមិនទាន់អាចទទួលយកនូវបញ្ហានេះ ដោយសំណេរដូច្នេះថា«ខ្ញុំស្ដាយក្រោយ បើខ្ញុំបានដឹងថាគាត់កំពុងជួបបញ្ហាអ្វី ខ្ញុំនឹងមិនបណ្ដោយអោយគាត់មកពិបាកបែបនេះទេក៏មិនបណ្ដោយអោយ ប្អូនស្រីរបស់ខ្ញុំ ឃើញនៅរូបភាពបែបដែរ ខ្ញុំអាណិតប្អូនខ្ញុំ ដឹងហើយ លឺហើយ តែខំទ្រាំមិនសួរមិននិយាយ សុខចិត្តទៅលួចអង្គុយយំនឹកម៉ាក់ បងៗ សារព័ត៌មាន និងអ្នកដែលកំពុងសើចចំអកគ្រួសារខ្ញុំ ត្រូវចាំថា អ្នកមិនបានធ្វើអោយខ្ញុំមានអាម្មណ៍ថា បាក់ទឹកចិត្ត និងខ្លាចសង្គមមួយនេះ តែខ្ញុំម្នាក់ទេ អ្នកក៏កំពុងអោយក្មេងស្រីដែលគ្នាមិនដឹងអី ក៏កំពុងទទួលអារម្មណ៍បែបហ្នឹងដូចខ្ញុំដែរ»៕