កំពង់ឆ្នាំង ៖ កាលពីម្សិលមិញនេះ មានហេតុការណ៍គួរឲ្យរន្ធត់មួយកើតឡើង ករណីកុមារាវ័យ៤ឆ្នាំ ត្រូវបានសសរបេតុងផ្ទះកំពស់២ម៉ែត្រ រលំសង្កត់ពីលើ បណ្ដាលឲ្យ បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម ចោលឪពុកម្ដាយឲ្យយំសោកបោកខ្លួនស្ទើរបាត់ស្មារតី ព្រោះការធ្វេសប្រហែស រឿងរ៉ាវខាងលើកើតឡើងនៅចំណុចដីឡូត៍ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពកុមាររងគ្រោះមានឈ្មោះ សាត វិសាល អាយុ៤ឆ្នាំ មុនកើតហេតុឪពុករបស់កុមាររងគ្រោះ បានរុះរើផ្ទះដោយយកសសរផ្ទះចង់ខ្សែទុកដោយ មិនដាក់ចុះដី ពេលភ្លេចខ្លួនស្រាប់តែអកុសលកុមាររងគ្រោះបានរត់ទាញខ្សែនោះលេង ទើបធ្វើឲ្យសសរនោះធ្លាក់ពីលើសង្កត់បែកក្បាលស្លាប់យ៉ាងសង្វេគតែម្ដង ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យរួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕