ព្រៃវែង៖ ពាក្យយុវត្តីឆ្នើម នៅស្រុកមេសាង ហាក់កាន់តែរន្ទឺនៅលើបណ្តាញសង្គម ភ្ជាប់ជាមួយការបន្តចែករាយរូបភាព យុវត្តីដែលគ្រប់មជ្ឈដ្ឋានសង្គមស្គាល់ថា កំពូលយុវត្តីក្លាហ៊ាន ធ្វើចរិកជាបងធំប្រចាំតំបន់ បង្ហាញឲ្យឃើញនៅក្នុងវីដេអូ ឈច្រកចង្កេះ វាយយុវត្តីមួយក្រុមមានគ្នាបួននាក់ ដោយគ្មានការតបត អប់ដោយពាក្យសំដីខ្លាំងៗ។

លើបណ្តាញទំនាក់ទំនងសង្គម រហូតព្រឹកថ្ងៃទី១៤ខែមករា នេះ បានបង្ហាញលើការ​វិវឍ្ឍន៍ព័ត៌មានផ្សេងៗគ្នា រវាងការដាក់ពិន័យនិងនិតិវិធីច្បាប់ មានចំពោះយុវត្តី នាម ធី ចាន់រី ជាសិស្សរៀនថ្នាក់ទី១០F នៃវិទ្យាល័យមេសាង នៅភូមិថ្មសរ ឃុំជីផុច ស្រុក​មេសាង។ ក្នុងនោះថា នៅព្រឹកថ្ងៃទី១៤ខែមករានេះ នៅសាលាវិទ្យាល័យមេសាង​និងរៀបចំឲ្យមានវេទិកាសាធារណៈ ដោយមានការចូលរួមពីសំណាងលោក អភិបាលស្រុកមេសាង លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សបង្ក និងសិស្សរងគ្រោះ រួមទាំង​ប្រជាពលរដ្ឋ ក្នុងបំណងឲ្យ  យុវត្តី ធី ចាន់រូ ដែលមានងារថ្មី យុវត្តីឆ្នើម​ឬយុវត្តីបង​ធំនៅតំបន់ស្រុកមេសាង និយាយជាសាធារណៈ ទទួលកំហុស ដែល​ខ្លួនបាន​ប្រព្រឹត្ត និងធ្វើការកែខ្លួន។ ខណៈព័ត៌មានមួយជ្រុងទៀត បានបង្ហាញ «ដោយសារតែកាន់ជើងកូនពេក ខឹងរឿងសមត្ថកិច្ចដាក់ខ្នោះ ឪពុកម្តាយក្មេង​ស្រីជើង​ខ្លាំង រកប្តឹងបកនគរបាល ឥឡូវព្រះរាជអាជ្ញាបញ្ជាក់ឲ្យឃាត់ខ្លួនយុវត្តីនោះតែម្តង»។

ប៉ុន្តែយ៉ាងមិញ នៅព្រឹកថ្ងៃទី១៤ មុនបន្តិច គណនៈអភិបាលស្រុកមេសាងក៏បាន​ប្រាប់​មកកាន់អង្គភាព តារាញូស៍ ថាមិនមានការរៀបចំឲ្យមានវេទិកាសាធារណៈ ក្នុងចេតនាឲ្យយុវតីល្បីវាយយុវត្តីដូចគ្នានោះ សុំទោសជាសាធារណៈទេ ។ ក្នុងន័យ​រក្សាកិត្តិយស​ឲ្យមនុស្សគ្រប់រូប ដែលថាយើងអាជ្ញាធរឬថ្នាក់ដឹកនាំ​ពលរដ្ឋមិនចង់​​ឃើញពលរដ្ឋណាម្នាក់ មានកំហុស ហើយក៏មិនចង់​ឲ្យពលរដ្ឋទៅ​ប្រព្រឹត្តហឹង្សា​លើនរណា​ម្នាក់។ គណៈអភិបាល​ក៏បានថ្លែងថា «ពេលនេះយុវត្តី ធី ចាន់រី នាងដូចមនុស្សស្លាប់ពាក់កណ្តាលខ្លួនទៅហើយ ព្រោះនាងក៏មាន​អារម្មណ៍ខ្លាំងគេ​ណាស់​ទៅហើយ ហើយបើឲ្យនាងសុំទោសជាសាធារណៈទៀតនោះ នាងនឹងបោះបង់ការ​សិក្សា ។ តែចំពោះរឿងហឹង្សាលើយុវត្តីដូចគ្នា បានឯកភាព​គ្នាដោះស្រាយចេះហើយ ដោយមិនមានភាគីណាមានគំនំលើភាគីណាម្នាក់ទេ»។

ពីគណៈអភិបាល ដែលពោរពេញដោយហេតុផល រូបនេះបានបន្តថា «តែរឿងយ៉ាង​ណា ពេលនេះផុតដែលសមត្ថកិច្ចខាងស្រុកហើយ យុវត្តី ចាន់រី ពេលនេះខាងតុលាការ​ខេត្តដោះស្រាយវិញ ព្រោះថា ខាងអាណាព្យាបាល គាត់បែបមិនសុខចិត្ត លើ​សមត្ថកិច្ចដែលបានដាក់ខ្នោះនាង ហើយគាត់ប្តឹងទៅលើ នោះជានាទីរបស់គាត់ ដោះស្រាយជាមួយតុលាការ»។