ភ្នំពេញ ៖ មុននេះបន្តិចនៅលើគណនីហ្វេសឈ្មោះ កូន ខ្លាតូច បានបង្ហោះរឿងរ៉ាវឃាតកម្មមួយ នៅខណ្ឌឫស្សីកែវ ភ្ជាប់ដោយសំណេររៀបរាប់បញ្ជាក់ហេតុដូច្នេះថា« គ្មានអ្វីសាហាវជាង ទង្វើរបស់មនុស្សទេ នារីវ័យក្មេងម្នាក់ ត្រូវបុរសជាសង្សារបានសម្លាប់ចោលគ្មានញញើតដៃ ព្រោះតែភ្លើងប្រចណ្ឌ ហើយជនដៃដល់ជាឃាតករបានអារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវកម្លាំងសមត្ថកិច្ចដឹកបញ្ជូនទៅសគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ករណីឃាតកម្មដ៏រន្ធត់នេះ បានកើតឡើង បង្កការភ្ញាក់នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្បែរផ្សារបឹងសាឡាង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ»។

ប្រភពដដែលបានបន្តរៀបរាប់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ព្រមទាំងដំណើរដើមទងនាំឲ្យឈានដល់ឃាតកម្មដូច្នេះថា«នារីរងគ្រោះមានឈ្មោះសុខ ស្រីស៊ី ហៅពៅ អាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅជាមួយបងប្អូនជីដូនមួយ ក្នុងបន្ទប់ខាងលើ មានស្រុកកំណើតនៅព្រៃវែង ចំណែក ជនដៃដល់បានអារ.ក ខ្លួនឯង បំណងសម្លាប់ខ្លួនតាមក្រោយ តែពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃើញថា ជនដៃដល់នៅមានដង្ហើមទើប កម្លាំងសមត្ថកិច្ចចាត់ចែងដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត ករណីឃាតកម្មនេះ សមត្ថកិច្ចដាក់ការសង្ស័យបឋម ថាផ្តើមឡើងពីភ្លើងប្រចណ្ឌ»៕