ភ្នំពេញ៖ ក្រោយពីទទួលដំណឹងដ៏អយុត្តិធម៌មួយបានកើត​ឡើងនៅក្នុងខេត្ត​បន្ទាយ​មានជ័យ ដោយមានការធ្វើទារុណកម្មពលរដ្ឋរហូតដល់ស្លាប់បាត់បង់ជីវិត ខណៈ​តវ៉ាទំនាស់ដីធ្លីក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៣ ខែមករានេះ ដែលក្រុមគ្រួសារនៃសពបានអះអាង ជាស្នាដៃរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យចាប់ខ្លួនជាបន្ទាន់ អ្នកដែលប្រព្រឹត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ដោយនៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ធ្ងន់ៗថា ក្នុងរឿងទំនាស់ដីធ្លី គឺមិនអាចចាប់ខ្លួនប្រជាពល​រដ្ឋណា​ម្នាក់បាន​ទេ។ ករណីនេះ សមត្ថកិច្ចត្រូវចាប់ខ្លួន អ្នកដែលធ្វើទារុណកម្មពលរដ្ឋរហូតដល់ស្លាប់ នៅខេត្តបន្ទាយមានជ័យ នាំមកផ្តន្ទាទោសឲ្យខាងតែបាន។ក្នុងនោះដែរ សម្តេចបាន​បញ្ជាឲ្យ ​ឯកឧត្តម កែវ រ៉ាមី និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បង្កើត​គណៈ​កម្មការស្រាវជ្រាវលើករណីនេះ ដោយមិនលើកលែងអ្នកប្រើហិង្សា​លើពលរដ្ឋរហូត​ដល់ស្លាប់នោះទេ ហើយចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕