ភ្នំពេញ៖ ផ្ទុះក្ដីអាណិតអាសូរយ៉ាងខ្លាំង ស្របពេលដែលគណនីហ្វេសប៊ុកមួយឈ្មោះ Lim Puthisith បានបង្ហោះរៀបរាប់ភ្ជាប់ទាំងរូបភាពគួរស្រណោះ កុមារកំព្រារ​ឪពុក​ពីរនាក់បងប្អូនអង្គុយមុខផ្ទះជួលស្ថិតនៅ ផ្លូវត្រសក់ផ្អែម​ រងចាំម្ដាយ ដែល​បានទុក​ចោលដើរផឹកស៊ីដល់យប់ទើបត្រឡប់ សូម្បីអាហារក៏មិនមាន រស់រាល់ថ្ងៃអាស្រ័យ​អ្នកជិតខាង និងអ្នកលក់ក្បែរផ្ទះ។

ដោយសំណេរប្រភពខាងលើបានឱ្យថា «ពីរនាក់បងប្អូននៅផ្ទះជួលគេ ទល់មុខផ្សារ​ស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឪពុកទេ ពេលថ្ងៃឡើងម្តាយដើរចោល យប់ឡើងពេលមកវិញ ផឹកស្រវឹងហើយទុកកូនចោល ឥឡូវនេះរកតែបាយ​ញ៉ាំក៏អត់​មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញ៉ាំបន្តិចបន្តួច អត់មានស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះមានអាមួយ​ផឹកស្រវឹង​នៅក្បែរហ្នឹងសតិមិនគ្រប់មក វាយធ្វើបាបទៀត»។

ប្រភពដដែលក៏បន្តថា «ក្មេងទាំងពីរនាក់នេះ បើមិនមានអង្គការណាមួយយក​ទៅចិញ្ចឹម​ទេ គឺក្មេងទាំងពីរនេះចប់ហើយ សំខាន់រកតែបាយហូបមិនបាន ហើយមានអាអ្នកមក​វាយធ្វើបាបគ្នាទៀត។ ពេលឃើញសកម្មភាពអម្បាញ់មិញនេះ មានអារម្មណ៍ឡើងក្តុក​ក្ដួល ក្នុងចិត្តតែម្តង អាណិតខ្លាំងណាស់ ថ្ងៃស្អែកចាំមើលបើឃើញអាឆ្កួតមិញហ្នឹង វាហ៊ានតែមកវាយ ធ្វើបាបក្មេងទាំងពីរនេះទៀត មានតែប្តឹងប៉ូលិសហើយមើលទៅ»៕