ភ្នំពេញ ៖ ដំណឹង​ដ៏សែនភ្ញាក់ផ្អើល និងសែនរន្ធត់​ស្លុតចិត្ត ចំពោះតារាសម្ដែង​ ឡោម លក្ខិណា ខណៈ​ស្វាមីរបស់​ខ្លួនគឺលោក ប៉ា ច័ន្ទពិសិដ្ឋ បាន​បាត់បង់ជីវិត​នៅថ្ងៃទី១៦ មករា ២០២០ នេះ ក្នុងគ្រោះថ្នាក់​ចរាចរណ៍ ដោយទៅចោលក្រុមគ្រួសារ និងកូនប្រុស​បណ្ដូលចិត្តវ័យទើបជាង១០ខែ ទាំងមិនបាន​លានោះឡើយ។

ក្នុងសារ​បង្ហោះដើម្បីអំពាវ​សាច់ញាតិបងប្អូន​ចូលរួម​ពិធីបុណ្យសពស្វាមី ឡោម លក្ខិណា បាន​រំលេច​ដោយអារម្មណ៍ក្ដុកក្ដួលលើគណនីហ្វេសប៊ុកខ្លួនថា «យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែល​បានទទួលមរណភាពនៅថ្ងៃព្រហស្បត្ដិ៍ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចារាចរណ៍។​សូមជំរាប​ជូន​ដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យើងខ្ញុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង អាស្រ័យហេតុនេះ សូមគោរព​អញ្ជើញ​ញាតិមិត្តជិត​ឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ​ សូម​បងទៅកាន់​ទីស្ងប់សុខរឿងកូនបងកុំបារម្ភអូននឹងមើលថែកូនអោយល្អ​ បងដាច់ចិត្តណាស់ហ៊ាន​ទៅចោលអូនគ្មានផ្តាំផ្ញើអីអូនមួយម៉ាត់»។

ជុំវិញដំណឹង​មរណភាពស្វាមីទាំង​អាល័យ​នេះ​ ឡោ​ម លក្ខិណា ក៏បាន​បញ្ជាក់​ប្រាប់ តារាញូស៍ តាមទូរស័ព្ទ​ច្បាស់ៗទាំងទឹកភ្នែក​អួលដើមកថា ស្វាមីខ្លួនពិតជាបានស្លាប់​មែន ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដំណឹង​នេះ​ពិតជា​ធ្វើឲ្យ​នាង​ពិបាក​នឹងទទួលយកណាស់។