ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមករាកន្លងទៅនេះ មានការបង្ហោះវីដេអូឃ្លីបមួយ នៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពមន្រ្ដីប៉ូលិសបានស្ទាក់ចាប់ ខ្លួនយុវជនម្នាក់ដើម្បីឆែកឆេរហើយក្នុងវីដេអូនោះគេឃើញសមត្ថកិច្ចបានយកវត្ថុពណ៌សម្យ៉ាងទៅដាក់ក្នុងហោប៉ៅរបស់យុវជននោះ មុនពេលចាប់វ៉ៃខ្នោះយកទៅប៉ុស្ដិ៍ ខណៈរឿងរ៉ាវខាងលើក៏ត្រូវបានមហាជនចែករំលែកតៗគ្នាជាច្រើន ព្រមទាំងរិះគន់ ជេរដៀលសមត្ថកិច្ចដោយចោទប្រកាន់ ថាធ្វើស៊ីយុវជននោះដោយយកគ្រឿងញៀន ដាក់ក្នុងហោប៉ៅដើម្បីជាលេសនាំយកទៅប៉ុស្ដិ៍គម្រាមយកលុយ។

យ៉ាងណាមិញ ក្រោយមានការភ័នច្រឡំពីសំណាក់មហាជនជាច្រើនផងនោះ ស្រាប់តែនៅលើ ទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាយបំភ្លឺឲ្យបានច្បាស់ ចំពោះបញ្ហាខាងលើថា«អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស ។ ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះ ជនសង្ស័យ២នាក់ បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វើការឆែកឆេរនិងនាំយកទៅពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន»៕