ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុកឈ្មោះ Socheat Chea បានបង្ហោះរូបភាពដូនចាស់ម្នាក់តុបតែងខ្លួនដូចខ្មែរជំនាន់ដើម ដោយគាត់ពាក់អាវសដៃវែង ស្លៀកក្បិនពណ៌បៃតង ពានាក្រមាស យ៉ាងសមសួនល្អឥតខ្ចោះ ដើរតាមផ្លូវសាធារណៈ ខណៈដែលយុគសម័យទំនើបកាន់តែជឿនលឿន ទើបធ្វើឲ្យមហាជនភាគច្រើនស្ទើរមិន ធ្លាប់ស្គាល់ និងឃើញមានអ្នកស្លៀកឈុតសម្លៀកបំពាក់បែបនេះឡើយ។

យ៉ាងណាមិញ ក្រោយឃើញការតុបតែងខ្លួនរបស់ដូនចាស់តាមរបៀបខ្មែរជំនាន់ដើមនេះអ្នកលេងបណ្ដាញសង្គមបានផ្ទុះការកោតសរសើរ និងចែករំលែកយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងបញ្ចេញមតិថា សម្លៀកបំពាក់នេះសបញ្ជាក់ច្បាស់ពីអត្តសញ្ញាណជាតិខ្មែរជំនាន់ដើម ហើយគួរចូលរួមថែរក្សាអ្វីដែលជារបស់ខ្មែរឲ្យបានគង់វង្សយូរអង្វែង៕