ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីរន្ទឺក្នុងអំឡុងឆ្នាំ២០០៨–២០០៩ ជ្រកក្នុងទ្រនំផលិតកម្មហង្សមាស លោក សាពូន មីដាដា ត្រូវបានគេដឹងថា បានរៀបអាពាហ៍ពិពាហ៍ តារាសម្តែង សឿ សុធារ៉ា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ ចំណងដៃស្នេហាអ្នកទាំងពីរគឺកូនស្រីឈ្មោះ សាពូន តារាពិមាន អាយុ ៧ឆ្នាំ និងកូនប្រុសកំពុងពរពោះ ៧ខែ ។ ថ្មីៗនេះ តារាចម្រៀងដែលសម្បូររឿងអាស្រូវ សាពូន មីដាដា បានបង្ហោះសារបង្ហាញគោលបំណងឪពុកចំពោះកូនប្រុសដែលមិនទាន់បានឃើញពន្លឺថ្ងៃ លើបណ្តាញសង្គមហ្វេសប៊ុកថា “អាដូចកូនឪ កើតចំថ្ងៃ 07 មករា តែម្តង ពេលអាកូនឪធំគ្រប់អាយុ 16ឆ្នាំ ឪពុកនឹងរុញឯងឲ្យចូលធ្វើកងទ័ពហើយ ត្រៀមៗ អាកូនពូជ” ។
តារាចម្រៀងម្ចាស់បទ “និយមន័យស្នេហ៍” រូបនេះ ហាក់មានការសប្បាយចិត្តខ្លាំង ខណៈពេលគ្រូពេទ្របានឲ្យអេកូបង្ហាញថាកូនប្រុសរបស់លោកនឹងប្រសូត្រនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវនឹងថ្ងៃទិវារំលឹកខួប ៣៩ឆ្នាំ នៃថ្ងៃរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបយង់ឃ្នងបំផុត ។ ទន្ទឹមនឹងការសប្បាយក្រោយដឹងថាកូននឹងកើតចំថ្ងៃទី៧ មករា តារាចម្រៀងដែលត្រូវបានគេស្គាល់ថាជាមន្ត្រីយោធាផងនោះ លោក សាពូន មីដាដា ចង់ឃើញកូនពូជរបស់លោកក្លាយជាទាហានដើម្បីការពារប្រទេសជាតិដូចរូបលោក ។
ប៉ុន្តែដោយឡែកកូនស្រីរបស់តារាចម្រៀងដ៏ល្បីកាលពី១០ឆ្នាំមុនវិញ គឺមានដុងខាងសិល្បៈខ្លាំង ហើយថ្ងៃអនាគត លោក សាពូន មីដាដា និងភរិយា ចង់ឲ្យកូនក្លាយជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសកម្ពុជា ។ គេនៅមិនទាន់ដឹងទេថាទាំង លោក សាពូន មីដាដា និងអ្នកនាង សឿ សុធារ៉ា នឹងបន្តរុញច្រានឲ្យកូនស្រីប្រុសឲ្យទទួលបានជោគជ័យកម្រិតណានោះទេ ខណៈពេលដែលកូនស្រីច្បងកំពុងតែចូលវ័យសិក្សា និងកូនប្រុសកំពុងតែត្រៀមប្រសូត្រ នាពេលខាងមុខ ៕
