ភ្នំពេញ៖ ថ្មីនេះ នារីវ័យក្មេងម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Sey September” បានបង្ហោះសាររិះគន់ចំៗ លើតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដោយសរសេរថា “ចាប់តាំងពីប្រធានសមាគមចាស់ត្រូវបានប្តូរថ្មីមក សិល្បៈដូចជារញ៉េរញ៉ៃ បែងចែកក្រុម បក្សពួកសម្បើមណាស់ ជាពិសេសតារាទើបនឹងរះ ខំប្រឹងតោងចាក់តែ ចាក់ស្ករម្នាក់នោះសម្បើមណាស់ ។ រឿងឈ្លោះហែកហួរ ជេរបញ្ចោរក៏សម្បូរដែរ អញ្ចឹងហើយបានជាសិល្បៈខ្មែរចេះតែដាំក្បាលចុះក្រោមឥតស្រាកស្រាន្ត” ។

ដោយទ្រាំនឹងពាក្យរិះគន់ជេរប្រមាថមើលងាយញយៗដងមិនបាន រំពេចនោះ តារាសម្តែងដ៏ល្បី និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខប្រតិកម្មយ៉ាងចាស់ដៃលើនារីវ័យក្មេងម្នាក់នោះ ថា “នាង (Sey September) ថាខ្ញុំជាប្រធានមានភាពរញ៉េរញ៉ៃ តើនាងស្គាល់ពីសង្គមសិល្បៈហើយឬនៅ? អ្នកណាបែងចែកក្រុម? នាងនិយាយបែបនេះ គឺនាងកំពុងមើលងាយខ្ញុំណាស់” ។ ប្រធានសមាគមរូបនេះ បានបន្តថា “ខ្ញុំមិនដែលនិយាយពីនាងទេ ទោះបីនាងស្អប់ខ្ញុំក៏ដោយ ប៉ុន្តែខ្ញុំឃើញញ៉យៗដងពេក លើកនេះខ្ញុំមិនអាចឈរឱបដៃមើលនាងម្នាក់នោះជេរប្រមាថខ្ញុំបានទៀតទេ” ។

តារាសម្តែងមានរាងខ្ពស់ស្រលះអ្នកនាង ចន ច័ន្ទលក្ខិណា បានចោទសួរទាំងកំហឹងទៅនារីវ័យក្មេងម្នាក់នោះថា “តើនាងមានខួរក្បាលជាអ្វី? បានចូលចិត្តលាបពណ៌ និងទំលាក់កំហុសដាក់ខ្ញុំម៉្លេះ?” ។ ជុំវិញរឿនេះ មជ្ឈដ្ឋានទូទៅ បានសម្តែងការហួសចិត្តដោយមិនអាចវិនិច្ឆ័យបានថាខាងណាខុសខាងណាត្រូវនៅឡើយទេ ប៉ុន្តែក្នុងនាមជាជាតិខ្មែរ ស្រលាញ់វប្បធម៌ សិល្បៈខ្មែរ គួរតែនាំគ្នាជួយលើកតម្កើងសិល្បៈខ្មែរ កុំបែរទៅគិតរិះគន់គ្នាឥតប្រយោជន៍ ៕