ព្រះសីហនុ៖ តំបន់អភិរក្សធនធានសមុទ្រដំបូងគេដ៏មានសក្កានុពលទាក់ទាញភ្ញៀវទេសចរដ៏គួរឲ្យចាប់អារម្មណ៍ជាងគេ នៅក្នុងចំណោមកោះដទៃទៀត ក្នុងតំបន់សមុទ្ររបស់កម្ពុជានោះគឺ “កោះរ៉ុង” ។ កោះរ៉ុង ត្រូវបានដាក់ចូលជាឧទ្យានជាតិកោះរ៉ុង ជាង១ឆ្នាំមកហើយ ដោយក្រសួងបរិស្ថាន ដោយមានកិច្ចសហការអភិរក្សជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់ថា “អេហ្វអេហ្វអាយ” ។ គួររំឮកថា កោះរ៉ុង ស្ថិតនៅក្នុងខេត្តព្រះសីហនុ ចម្ងាយ២៥គីឡូម៉ែតពីឆ្នេរសមុទ្រ មានផ្ទៃដី ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល ១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកម្ពស់ ១៣៣ម៉ែត្រពីនីវ៉ូសមុទ្រ។

កោះនេះត្រូវបានគេដឹងថា គឺជាកោះមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់សិទ្ធិវិនិយោគឲ្យទៅក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប វិនិយោគនៅក្នុងអំឡុងរយៈពេលរហូតដល់ ៩៩ ឆ្នាំ នៅលើកោះជាមានបា ភោជនីយដ្ឋាន បឹងហ្គាឡូ និងផ្ទះសំណាក់មួយចំនួន ដែលធ្វើឲ្យធនធានធម្មជាតិនៅលើកោះនេះ អាចបាត់បង់ ក៏ដូចជាទទួលរងសម្ពាធរេចរឹលជាងនេះ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់​នេះ ក្រសួងបរិស្ថានមានគម្រោងបង្កើតឧទ្យានជាតិសមុទ្រជាប្រវត្តិសាស្ត្រ នៅលើឧទ្យានជាតិកោះរ៉ុង ក្នុងខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែពេលនេះក្រសួងបរិស្ថាន កំពុងពិនិត្យមើលលទ្ធភាពដៃគូសហការ ដើម្បីជួយអភិវឌ្ឍន៍ធនធានមនុស្សជាមុនសិន៕