ភ្នំពេញ៖ ក្នុងដំណើរជីវិតជោគជ័យលើវិថីសិល្បៈចម្រៀងជាងមួយទស្សវត្សមកនេះ ឆ្នាំ២០១៧ ជាវេលា តារាចម្រៀង សុគន្ធ នីសា បញ្ចប់អាថ៌កំបាំងជីវិតឯកជន ដោយប្រកាសពិធីក្រាបផ្ទឹមជាមួយនឹងគូស្នេហ៍អាណិកជនអាមេរិកឈ្មោះ សាំបា។ខណៈដែលអតីតគូស្នេហ៍ចាស់កវី សុខ ជំនោរ ក៏ប្រកាសប្រជែងពិធីក្រាបផ្ទឹមជាមួយនារីដ៏ស្រស់ស្អាត មិនឲ្យផុតចុងឆ្នាំនេះដែរ។ យ៉ាណាម៉ិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះសារកវី សុខ ជំនោរ ក្រោយបង្ហាញពិធីភ្ជាប់ពាក្យជាមួយនារីវ័យក្មេង ជាបុគ្គលិកធនាគារ ដែលមានរូបឆោមដ៏ស្រស់សោភាព រមែងបញ្ហារូបភាពកៀកកើយ និងសារផ្អែមល្ហែមនោះ នាង សុគន្ធ នីសា ឯណេះវិញ ទោះកំពុងត្រៀមខ្លួនធ្វើកូនក្រមំជាមួយ កូនកំលោះអាណិកជនអាមេរិក តែបង្ហោះសារប្លែកៗ ដែលក្នុងអត្ថន័យហាក់បង្ហាញការសោកស្តាយលើការសម្រេចចិត្តចុងក្រោយនេះ។

ជាថ្មីៗនៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ នៅលើគណនីហ្វេសប៊ុក តារាចម្រៀង សុគន្ធ នីសា ក៏បានបង្ហោះសារ ។ ខណៈអត្ថន័យនោះហាក់បង្ហាញពីការលួងចិត្តខ្លួនឯង ចំពោះដំណើរជីវិតដែលកំពុងប្រព្រឹត្តទៅរកដំណាក់កាលមួយដែលមិនអាចប្រកែកបាន ហើយក៏ជាការជ្រើសដោយខ្លួនឯង ទាំងដឹងថាពិបាកយ៉ាងណាក៏ត្រូវតែប្រឹង ។ ដោយនាងរៀបរាប់ថា «ផ្លូវទៅគោលដៅពិត គឺត្រូវតែឆ្លងកាត់ឧបសគ្គច្រើន អ្វីដែលបាន មកដោយស្រួលច្រើនតែមិនមែនជាការពិត»។

ក្នុងសារដដែលនោះ តារាចម្រៀងកំពុងត្រៀមខ្លួនធ្វើកូនក្រមំក្រាបផ្ទឹមទទួលយកចំណងស្នេហាពិតជាមួយបុរសអាណិកជនខ្មែររូបនេះបានប្រកាសទៀតថា«សុខចិត្តដើរផ្លូវដែលមានឧបសគ្គច្រើន ប្រសើរជាងដើរផ្លូវគ្មានឧបសគ្គ តែគ្មានគោលដៅពិតអោយទៅដល់»។ តាមការបង្ហាញនេះ ក៏ត្រូវបានអ្នកគាំទ្រនាងជាច្រើន លើកឡើងថា « តារាចម្រៀង សុគន្ធ នីសា គឺនាងចង់បង្ហាញទៅសាធារណជនថាមុន ពេល នាងដើរដល់ចំណុចជោគជ័យតែងតែជូបឧបសគ្គ មិនថារឿងស្នេហា ឬក៏ការងារសិល្បៈរបស់នាងក៏ដោយ។តែអ្វីដែលពិសេសនោះមួយ គឺនៅខែធ្នូ ខាងមុខនេះ នាងនឹងដឹកដៃបុរសជាពាណិជ្ជម្នាក់ចូលរោងការ និងកសាងគ្រួសារមួយដ៏សុខសាន្ត»។