អតីតបេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ១ លោក ឃុន វុត្ថា បានអះអាងថា ទោះបីជារូបលោកមិនមានកេរឈ្មោះល្បីល្បាញដូចគេយ៉ាងណាក៏ដោយ ប៉ុន្តែលោកសប្បាយចិត្តដែលអាចតស៊ូបានដល់ថ្ងៃនេះ។
ទោះបីជាមានឱកាសក្លាយជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស ក៏ពិតមែនតែក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ឃុន វុត្ថា នៅតែមិនទាន់ងាចបង្កើតភាពលេចធ្លោ ឬមានបទផ្ទុះការគាំទ្រខ្លាំងនៅឡើយទេ។ តារាចម្រៀងរូបនេះហាកើបានប្រឹងប្រែងដណ្ដើមយកប្រជាប្រិយភាព តាមរយៈការចេញបទចម្រៀងថ្មីៗដើម្បីតម្រូវចិត្តអ្នកគាំទ្រ។ ប៉ុន្តែនៅតែមិនអាចធ្វើទៅបាននៅឡើយ។ លោកអះអាងថា កន្លងមកធ្លាប់បាក់ទឹកចិត្តក្នុងរឿងនេះទៀតផង។
ឃុន វុត្ថា បញ្ជាក់ថា៖ « គ្មានអ្នកចម្រៀងណាច្រៀងមិនចង់ល្បីនោះទេ កត្តាដែលមិនបានជោគជ័យហ្នឹង គឺមកពីធ្វើបទមិនត្រូវហ្នឹងគេ(អ្នកស្ដាប់) ហើយអ្វីដែលកាន់តែពិបាកជាងនេះទៀតនោះ គឺមិនដឹងធ្វើម៉េចឱ្យត្រូវចិត្តអ្នកស្ដាប់ ពេលខ្លះក៏បាក់ទឹកចិត្ត ពេលខ្លះក៏លែងចង់ធ្វើវាបន្តទៀត ព្រោះមានអារម្មណ៍ថាហត់ដែរហើយ»។
ទោះបីជាអ្វីៗហាក់មិនគាប់ប្រសើរ ប៉ុន្តែអតីតកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា រូបនេះ អះអាងថា លោកនៅតែសប្បាយចិត្តព្រោះបានតស៊ូរហូតមកដល់សព្វថ្ងៃនេះ ទោះមិនល្បីល្បាញយ៉ាងណាក៏ដោយ។
សូមរំឭកដែរថា ឃុន វុត្ថា បានចូលប្រឡូងក្នុងវិស័យសិល្បៈលើដំបូងក្នុងអំឡុងឆ្នាំ ២០១៤ តាមរយៈកម្មវិធីប្រឡងច្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលពីទី១ ។ ដោយសារពេលនោះជាលើកដំបូងនៃកម្មវិធីលំដាប់ពិភពលោកនៅកម្ពុជា ពិតជាការប្រមូលផ្ដុំដោយបេក្ខភាពខ្លាំងៗពោរពេញដោយសមត្ថភាព។ យុវជនដែលមានប្រភពកំណើតពីខេត្តស្វាយរៀងរូបនេះ បានប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីជាស្ពានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងកម្មវិធី ខណៈពានរង្វាន់បានលើបេក្ខជន ប៊ុត សីហា ។
ទោះបីជាអតីតបេក្ខជន ឃុន វុត្ថា មិនបានឈ្នះពានរង្វាន់ក៏ពិតមែន ប៉ុន្តែលោកក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ ដោយមានឱកាសចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ និងការប្រគំតន្រ្តីនានា ដែលបានកែប្រែជីវភាពរបស់លោកបានកាន់តែប្រសើរឡើងរហូតមកដល់សព្វថ្ងៃ ដែលនាំមកនូវមោទនភាពសម្រាប់រូបគេ ទោះមិនបានល្បីល្បាញយ៉ាងណាក៏ដោយ៕