ហ្វីលីពីន៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រារព្ធឡើង នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងឱកាសចូលរួមកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកប្រាប់លោកប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ ថាក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ក្នុងចំណោម១០០នាក់ ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។

ខណៈពេលនោះ មេបក្សប្រឆ្នាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រដូចលោក ដូណាល់ ត្រាំ និងសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការដូចគ្នា ដោយបានហៅលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការដោយសារលុយ ចំណែកសម្តេចតេជោ ហ៊ុន សែន ត្រូវបានមេបក្សប្រឆាំងហៅថា ជាជនផ្តាច់ការដោយសារលុយ និងអាវុធ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏សម្តេចនៅតែមានមោទនភាព ដោយសារអ្វីដែលសម្តេចបានប្រកាសនៅមុនការបោះឆ្នោត គឺ លោក ដូណាល់ ត្រាំ ក្លាយទៅជាអ្នកឈ្នះពិត។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន សូមផ្តាំទៅប្រធានាធិបតីអាមេរិកថា “សូម្បីតែចៅរបស់ខ្ញុំរៀននៅសាលាអាមេរិកកាំង ក៏ត្រូវបានគេបង្ហាត់បង្រៀនឱ្យស្អប់ឯកឧត្តម (ដូណាល់ ត្រាំ) ។ នេះបង្ហាញឱ្យឃើញថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជាទេ ថែមទាំងមិនមានអព្យាក្រឹត្យ ទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង” ។