ចិន៖ យោងតាមការចុះផ្សាយដោយភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុង​ប្រទេសចិន បានកើនឡើងដល់ ២,០០៤នាក់ ខណៈចំនួនអ្នកឆ្លង​បានបន្ត​កើនដល់ ៧៤,១៨៥នាក់ហើយ។

ដោយក្នុងនោះ អាជ្ញាធរសុខាភិបាលចិនក៏បានបញ្ជាក់ដែរថា មនុស្សប្រមាណ​១៣៦​នាក់ បានស្លាប់កាលពីថ្ងៃអង្គារម្សិលមិញនេះ និងអ្នកឆ្លងមេរោគ COVID-19ថ្មី មាន​ចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។ ដោយឡែក នៅក្រៅចិនដីគោកវិញ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះមានចំនួន ៩០៥នាក់ ក្នុងនោះ​ជប៉ុន​ជាប់លេខ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់ ៦០០ករណី៕