ភ្នំពេញ៖ ស្ថិតនិងស្ថានភាពជំងឺដំបៅក្រពះ ដុះសាច់ក្នុងថ្លើម តារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ កាន់តែវិវឍ្ឍធ្ងន់ទៅៗ ដែលអ្នកនាង ប៉េង ប៉ោង ទាំងទឹកភ្នែកសស្រាក់ប្រកាសលក់ឡាន និងយកប្លង់ផ្ទះនៅធនាគារយកថវិកាទៅព្យបាលជំងឺឪពុកនោះ។ ក៏មានការបង្ហើបឲ្យដឹងថា នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកានេះ កូនៗនិងប្រពន្ធនឹងនាំយកតា វីតាមីនសេចេញទៅព្យាបាលនៅក្រៅប្រទេស។
តាមការបង្ហើបពីអ្នកនាង ប៉េង ប៉ោង ថា តាមស្ថានភាពជំងឺឪពុកខ្ញុំ មិនអាចបណ្តែតបណ្តោយទេ ។ ជំងឺដុះសាច់ក្នុងថ្លើមនោះត្រូវការវះកាត់ជាបន្ទាប់ ហើយពេលនេះស្ថានភាពជំងឺរបស់គាត់ក៏កាន់តែធ្ងន់ធ្ងរណាស់ដែរ»។ អ្នកនាងថា «ជំងឺឪពុករបស់ខ្ញុំ ត្រូវការចាយលុយច្រើនណាស់ ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ តែពេលនេះក្រុមគ្រួសារមិនមានទេ ដែលខ្ញុំបានប្រកាសលក់ឡាន បញ្ចាំប្លង់ផ្ទះធ្វើយ៉ាងណាអ្នកមានគុណ ត្រូវតែធ្វើចំពោះគាត់ទោះត្រូវចំណាយប៉ុន្មាន ត្រូវលក់អីក៏លក់ដែរ»។
អ្នកនាង ប៉េង ប៉ោង ក៏បានបង្ហើបដែរថា «ពេលនេះក៏មានសប្បុរសជនជួយមកបានច្រើនដែរ អាចថា បានរួចសោហ៊ុយនិងការចំណាយខ្លះ ក្នុងដំណើរយកគាត់ទៅព្យាបាលពេទ្យឯប្រទេសថៃនោះ ។ ប៉ុន្តែជំនួញឧបត្ថមនេះនៅខ្វះការចំណាយច្រើនណាស់»៕
