ភ្នំពេញ៖ សារឆ្លើយឆ្លងភាសាស្នេហាផ្អែមល្ហែម អូនបង ត្រូវបានបង្ហោះជាបន្តបន្ទាប់ ខណៈពេលម្សិលមិញ​តារាចម្រៀងមេម៉ាយយ៉ីអ៊ុនខ្ពស់ ពេជ្រ សោភា បានថ្លែងអំណរគុណទឹកចិត្តរបស់គូស្នេហ៍តារាសម្តែង លោក ឆឹម សក្កដា ដែលស្រលាញ់ និងឲ្យតម្លៃការងាររបស់នាង ។ មិនបង្អង់យូរឡើយ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ តារាសម្តែងដែលទើបលេចធ្លោ ឆឹម សក្កដា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកតបត្រលប់ទៅវិញថា “អរគុណដែលទទួលយកបង អូននៅក្នុងអារម្មណ៍បងជានិច្ច បងសន្យាថានឹងការពារស្នេហាមួយនេះឲ្យបានល្អ” ។ រំលេចពាក្យសន្យានឹងការពារ ពេជ្រ សោភា លោក សក្កដា បានបន្តថា “មិនហត់ទេ មិនពិបាកទេ គ្រប់ពេលទោះនៅឆ្ងាយ មិនសូវជួបគ្នា តែបងតែងយល់ពីការងារ សំខាន់គឺយើងពីរនាក់យល់ពីរគ្នាទៅវិញទៅមក” ។

រំពេចនោះ តារាចម្រៀងស្រីម្ចាស់បទ “ហុយហុយ” ពេជ្រ សោភា បានស៊ែរ និងសរសេរថា “អរគុណបង! សុភមង្គលស្នេហ៍” ។ ពាក្យពេចន៍សារសងឥតលាក់លៀមនេះ ត្រូវមហាជនទូទៅដឹងថា ស្នេហ៍តារាទាំងពីរដួងនេះ មានភាពស្និទ្ធស្នាលផ្អែម​ល្ហែម​ណាស់ រហូតដល់ថ្នាក់តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានបង្ហើបប្រាប់ថា “ពេលនេះពួកយើងទាំងពីរក្លាយជាគ្រួសារតែមួយហើយ” ។

គួរបញ្ជាក់ថា កន្លងមកតារាចម្រៀងមានឈ្មោះជាមេម៉ាយរូបនេះ ធ្លាប់បង្ហោះសារវិប្បដិសារី សម្តែងពីចិត្តអាណិតអាសូរខ្លូនឯង ដែលបានសម្រេចចិត្តខុសជើសរើសបុរសម្នាក់ និងនាងបានពោលពាក្យថា “លែងស្រលាញ់អ្នកណាក្រៅពីខ្លួនឯង”  ។ មិនទាន់បានប៉ុន្មាន​ផង តារាចម្រៀងដ៏ល្បីផលិតកម្មហង្សមាស ពេជ្រ សោភា បានបង្កាត់ភ្លើងជាមួយតារាសម្តែង ឆឹម សក្កដា ដែលធ្វើឲ្យ​មជ្ឈដ្ឋានទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងចង់ឃើញគូស្នេហ៍នេះដឹកដៃគ្នាចូលរោងការទៀតផង ៕