ភ្នំពេញ៖ តារាសម្តែងដ៏លេចធ្លោ ឱក សុគន្ធកញ្ញា ដែលក្តោបក្តាប់បានតំណែងធំៗជាច្រើនក្នុងក្រុមហ៊ុនហង្សមាស ត្រូវបានមហាជនទូទៅគិតថា តារារូបនេះមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារចៅកែហង្សមាស ក្រោយពីលេចឮដំណឹងភ្ជាប់ពាក្យតារាចម្រៀង សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែហង្សមាស ដែលមានងារជាឧកញ៉ាមានលុយវាល់លានដុល្លារនោះ ។ ជាក់ស្តែង ថ្មីៗនេះ តារាចម្រៀងដែលមានឱកាសធ្វើគ្រូបង្វឹកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកស្ទើរគ្រប់កម្មវិធី ឱក សុគន្ធកញ្ញា បានរំលេចឡើងនូវរូបដ៏ស្រស់ស្អាតរបស់នាងពាក់អាវដែលមានឡូហ្គោហង្សមាស ឈរក្នុងស្ទូឌីយោ ដើម្បីតៀមលក្ខណៈបន្តការងាររបស់នាង។ រំពេចនោះ តារាចម្រៀងចរិកម៉ឺងម៉ាត់ ឱក សុគន្ធកញ្ញា បានបង្ហោះសារលើគណនីអ៊ីនស្ត្រាក្រាមថា “កក់ក្តៅ!!” ។
ខណៈសារដ៏ខ្លីមានន័យជ្រៅនេះ ត្រូវបានជ្រួតជ្រាបដល់មជ្ឈដ្ឋានទូទៅ ធ្វើឲ្យពួកគាត់មានការយល់ឃើញខុសៗគ្នា ដោយអ្នកខ្លះថា តារារូបនេះមានភាពកក់ក្តៅដោយសារមានខ្នងបង្អែក រីឯអ្នកខ្លះទៀតថា នាងមានភាពកក់ក្តៅដោយសារការងាររបស់នាងជោគជ័យខ្លាំងជាមួយផលិតកម្មហង្សមាស ។ ទោះបីមានមតិពីរផ្ទុយគ្នា ប៉ុន្តែមតិនិមួយៗសុទ្ធតែមានហេតុផលរៀងៗខ្លួន។ អ្វីដែលជាក់ស្តែង តារាចម្រៀងស្រីក្នុងដូងចិត្តមិត្តយុវវ័យ ឱក សុគន្ធកញ្ញា មានភាពជោគជ័យខ្លាំងលើវិស័យសិល្បៈចម្រៀងជ្រកក្រោមទ្រនំផលិតកម្មហង្សមាសប្រាកដមែន ប៉ុន្តែត្រង់ថានាងជោគជ័យដោយវិធីណាក៏មិនអាចសន្និដ្ឋានបានដែរ រង់ចាំការបកស្រាយបំភ្លឺពីសំណាក់សាមីខ្លួនផ្ទាល់ ៕
