តាកែវ៖ សិល្បការនីល្ខោនបាសាក់ ដែលបានឈ្មោះបោះសំឡេងល្បីរន្ទឺសុះសាយពេញផ្ទៃប្រទេស អ្នកស្រី សួង សុគន្ធី វ័យ ៤០ឆ្នាំប្លាយ ដែលអាចដើរតួបានគ្រប់ប្រភេទ ជាពិសេសតួកំសត់សម្រក់ទឹកភ្នែក ។ បច្ចុប្បន្ន អ្នកស្រី សួង សុគន្ធី ជាប្រធានក្រុមសិល្បៈល្ខោនបាសាក់វង់ ភី សុគន្ធី ដ៏ល្បីល្បាញមានប្រភពចេញពីស្រុកបាទី ខេត្តតាកែវ ។ ទន្ទឹមនឹងភាពល្បីរន្ទឺនេះ អ្នកស្រី សួង សុគន្ធី បានរៀបរាប់ពីប្រវត្តិខ្លះនៃដើមចមចូលសិល្បៈថា “ខ្ញុំចូលសិល្បៈឆ្នាំ១៩៨២ កាលនោះខ្ញុំនៅជាកុមារភាព​នៅឡើយ ដោយឈាមជ័រជាអ្នកសិល្បៈ ដោយម្តាយជាសិល្បការនីល្ខោនបាសាក់ និង ជីដូនជីតា ជាអ្នកយីកេ ។ កាលជំនាន់នោះ ជីវភាពគ្រួសារខ្ញុំនៅខ្សត់ខ្សោយ ខ្ញុំត្រូវមើលប្អូនផង សម្តែងផង ដំបូងឡើយគេឲ្យខ្ញុំដើរធ្វើនាងភីលៀង ក្រោយមកគេឲ្យខ្ញុំធ្វើតួកាចឆ្នាសបានប្រហែល ២ឆ្នាំ ដោយខ្វះតួស្លូត គេក៏សាកឲ្យខ្ញុំដើរតួស្លូត ជាលទ្ធផលខ្ញុំអាចធ្វើបានយ៉ាងល្អ” ។

គួរកត់សម្គាល់ថា ស្លាកយីហោ “វង់ល្ខោនបាសាក់ ភី សុគន្ធី” នេះ ត្រូវបានប្របាច់រួមបញ្ជូលគ្នារវាងឈ្មោះប្តី ភី និងឈ្មោះប្រពន្ធ សុគន្ធី ហោះថា ភី សុគន្ធី ។ អ្នកស្រី សួង សុគន្ធី បានរៀបការជាមួយលោក ភន ភី កាលពីឆ្នាំ១៩៩០ ហើយកាលនោះអ្នកស្រី សួង សុគន្ធី ជាតួអង្គសម្តែង​ល្ខោនបាសាក់ក្នុងវង់សិល្បៈមហាជនលោកតា ភោគ ក្រាំងស្លែង ខណៈនោះលោក ភន ភី ជាជាងកាត់សក់ ។ ក្នុងអំឡុងឆ្នាំ២០០០ វង់ល្ខោន​បាសាក់របស់អ្នកស្រី សួង សុគន្ធី ត្រូវបានបង្កើតឡើង ហើយទទួលបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែភាពបិនប្រសប់របស់អ្នកស្រី សួង សុគន្ធី ជាតួឯក ។

កាលបើសួរនាំពីកត្តាដែលនាំឲ្យអ្នកស្រីទទួលបានភាពជោគជ័យ អ្នកស្រី សួង សុគន្ធី បានរៀបរាប់ថា “ជាកត្តាជោគជ័យ ទោះទៅសម្តែងនៅទីណាក៏ដោយ ខ្ញុំត្រូវទៅដល់កន្លែងនោះឲ្យបានមុន ដើម្បីសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកស្រុក តើចង់បានអ្វី? តើនិយាយអ្វីដែលគេស្តាប់បាននិងងាយយល់? តើគួរកាត់ឈុតណាចោល? និងបន្ថែមឈុតណា?” ។ អ្នកស្រីបានបន្ថែមថា “ខ្ញុំតែងតែប្រជុំគ្នា ផ្តល់យោបល់គ្នាទៅវិញទៅមក មុននឹងសម្តែង” ។

វិវឌ្ឍខ្លួនពីការសម្តែងប្តូរយកអង្កររហូតបង្កើតបានវង់ល្ខោនខ្លួនឯងដាក់ឈ្មោះ ភី សុគន្ធី យ៉ាងល្បីរន្ទឺ និងបានកែប្រែជីវភាពគ្រួ​សារអ្នកស្រីក្លាយជាអ្នកមានស្តុកស្តម្ភម្នាក់ក្នុងស្រុកបាទី ខេត្តតាកែវ ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ វង់ល្ខោនរបស់អ្នកស្រី បានទទួលសម្តែងរហូតដល់ ៣០៦យប់ ក្នុងចំណោម ៣៦៥យប់នៃឆ្នាំនោះ ក្នុងមួយយប់វង់ល្ខោន ភី សុគន្ធី បានយកតម្លៃប្រមាណ ២ពាន់ដុល្លារអាមេរិក ។ តួឯកស្រីក្នុងវង់ល្ខោនបាសាក់ សួង សុគន្ធី បានបញ្ជាក់ថា មិនមែនមានតែអ្នកស្រីដែលជាចៅកែមានជីវភាពធូរធារម្នាក់ឯងទេ គឺកូនចៅរបស់​អ្នកស្រី ក៏មានជីវភាពធូរធារគ្រាន់បើដែរ ដោយម្នាក់ៗឈានដល់ជិះឡានសឹងគ្រប់ៗគ្នា ៕

សូមទស្សនាវីដេអូ!!