ភ្នំពេញ៖ ​ចាប់ពីឈានចូលផលិតកម្មហង្សមាសមក តារាចម្រៀងកញ្ញា ផន ស្រីខួច កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន និងមានទីផ្សារចម្រៀងថ្មីច្រើនគួរសម ។ ថ្មីៗនេះ តារាចម្រៀងថ្ពាល់ខួចរូបនេះ បានបង្ហោះសារប្រកបដោយឃ្លាឃ្លោងរឿងរ៉ាវជីវិតដែលនាងធ្លាប់បានជួបប្រទះ ដោយសរសេរថា “វាមិនសំខាន់ថាយើងឆ្លងកាត់ ឬ ជួបនូវជីវិតមកបែបណាខ្លះនោះទេ វារឹតតែមិនសំខាន់ទៅទៀតថានរណាខ្លះកំពុងតែឈរសើចឈរយំ នឹងដំណើរជីវិតរបស់យើង នរណាខ្លះពេបជ្រាយចាប់កំហុសយើង ហើយនរណាខ្លះព្យាយាមនិយាយមិនល្អពីយើង ត្រូវចាំណា ការពិតនៅតែជាការពិត ហើយក៏គ្មាននរណាល្អគ្រប់ដប់ទេ” ។

ក្នុងសារនេះសបញ្ជាក់ឲ្យឃើញថា កន្លងមកតារាចម្រៀងមានប្រភពមកពីផលិតកម្មរ៉ុករូបនេះ ធ្លាប់ត្រូវបានគេសើចចំអក និងមើលងាយពីមនុស្សដែលមានចិត្តច្រណែនឈ្នានីសនាង។ ប៉ុន្តែទោះជាយ៉ាងណា តារាចម្រៀងម្ចាស់​បទ​ “ជីវិត​អ្នក​ម្ដាយ​” ហាក់មិន​បានខ្វល់ និងមិនបានទន់ជ្រាយតាមសម្ដីបន្ទោសបង្អាប់ពីមនុស្សទាំងនោះឡើយ តែផ្ទុយទៅវិញនាងនៅតែមានជំហររឹងមាំដដែល ។

ម៉្លោះហើយ ទើបតារាចម្រៀងចូលចិត្តបំពេ ផន ស្រីខួច ទទួលបានជោគជ័យលើវិថីសិល្បៈ ដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ ។ គួរបញ្ជាក់ថា សារឯកជនមួយនេះ តារាចម្រៀង ផន ស្រីខួច ក៏បានផ្តល់ជាគំនិតត្រិះរិះមួយដល់មិត្តៗយុវវ័យថា “នៅពេលជួបឧបសគ្គដូចនាងខ្ញុំ មិត្តៗទាំងអស់គ្នាត្រូវឈរនៅជំហរមួយដែលរឹងមាំ ហើយតស៊ូព្យាយាមធ្វើដំណើរទៅមុខតាមគោលដៅ និងឆន្ទៈរបស់ខ្លួន” ៕