ភ្នំពេញ៖ ការលះបង់សាច់ដ៏សខ្ចីចូលធ្វើមន្រ្តីនគរបាល ជាបំណងប្រាថ្នារបស់តារាសម្តែង អ៊ុន អាលីហ្សា ដែលមានចិត្តគំនិតចង់ការពារសន្តិសុខជាតិមាតុភូមិ ។ ខណៈពេលនេះ តារាសម្តែងមានងារជាមន្ត្រីផងនោះ បានចំណាយពេល ១ឆ្នាំ ហ្វឹកហាត់នៅសាលានរគបាលជាតិ បន្ទាប់ពីការការប្រលងដ៏ស្វិតស្វាញក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ ។ ថ្មីៗនេះ ប៉ូលីសស្រីស្រស់ អ៊ុន អាលីហ្សា បានវិលចូលប្រឡូកវិស័យសិល្បៈវិញនៅពេលទំនេរពីការងារមន្ត្រីរាជការ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នាព្រឹកមិ្សលមិញ តារាសម្តែង អាលីហ្សា បានធ្វើឲ្យបងប្អូនមហាជនមានការភ្ញាក់ផ្អើលម្តងទៀត ដោយកញ្ញាបានបង្ហើបថា ក្រៅពីការងារមន្ត្រីប៉ូលីស និងសិល្បៈ នាងមានគម្រោងបើកហាងលក់បាយ និងកាហ្វេ ។

គម្រោងបង្កើតមុខរបរថ្មីរបស់តារាសម្តែង អាលីហ្សា នេះ បានធ្វើឲ្យមហាជនចោទជាសំណួរថា “ហេតុអ្វី​បានជា អា​លីហ្សា ចង់​បើកហាង បាយ និង កាហ្វេ? បើនាងរកពេល​សម្រាកស្ទើរតែគ្មានផងហ្នឹង” ។ ជុំវិញរឿងនេះ តារាសម្តែង និងជាប៉ូលីសស្រី អ៊ុន អាលីហ្សា បានបកស្រាយនូវចម្ងល់នេះថា “មុខរបរ​រកស៊ី​អ្វី​ក៏​នាងខ្ញុំ​ស្រឡាញ់​ពេញចិត្ត​ដែរ តែ​នាងខ្ញុំ​ពិតជា​ស្រឡាញ់​ហាង លក់​បាយ និង​កាហ្វេ ខ្លាំងណាស់ នាងខ្ញុំ​មានបំណង​បើក​ជា​យូ​មកហើយ​គ្រាន់តែ​មិនទាន់​មានឱកាស ហើយណាមួយ​ចង់​មាន​មុខរបរ​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​ប្រាក់ចំណូល ដូច​ដឹង​ស្រាប់​ហើយ​ថា ពឹង​លើ​អាជីព​សិល្បៈ​តែមួយ​មុខ ពិបាក​រស់​ខ្លាំងណាស់”  ។ ទន្ទឹមនឹងមានគោលបំណងជាក់លាក់នេះ ​អា​លីហ្សា នៅ​ពុំទាន់​ដឹងថា នឹង​បើកហាង​បាយ ​និង​កាហ្វេ នៅពេលណា​នោះទេ តែ​នាង​គ្រាន់តែ​បញ្ជាក់ថា ឆាប់ៗ​ខាងមុខនេះ ដោយនៅពេលនេះ​នាងកំពុងតែ​រៀបចំ ៕