ភ្នំពេញ៖ ក្រោយស្នេហាខុសវ័យជាមួយអ្នកនាង ប៉ែន សុផានី ផុតរលត់ មិនធ្លាប់លេចឮឡើយថា បុរសមាឌធំលេងស្ទាយសក់វែង ម៉ារ៉ា ប៊ុណ្ណា មានស្នេហាជាមួយនារីផ្សេង ខណៈតារាលេងសង់រូបនេះអះអាងថា ទុកវេលាគិតរឿងមុខមាត់សិល្បៈ។ ប៉ុន្តែដែលផ្ទុយនឹងឆន្ទៈនេះ បែរជាត្រូវបានទម្លាយយ៉ាងសុះសាយ ថា ម៉ារ៉ា ប៊ុណ្ណា អតីតបុរសកំពូលស្នេហ៍តារាវ័យចំណាស់ ប៉ែន សុផានី កំពុងមានស្នេហាស៊ីជម្រៅនិងអតីតភរិយា ជៀស ស្រួច នាង សាត់រស្មី។
ព័ត៌មានទំនាក់ទំនងស្នេហាម៉ារ៉ា ប៊ុណ្ណា និងតារាសម្តែងនាង សាត់ រស្មី អតីតភរិយាកម្សត់ជៀស ស្រួច ត្រូវបានគេទម្លាយថា ស្នេហានេះទើបនឹងមានពន្លក តែពួកគេក៏វិវឍ្ឍន៍លឿនដែរ ដោយពេលនេះរយៈពេលតែជាង៣ខែ ក៏ប្រព្រឹត្តដំណើរស្នេហ៍ដល់ចំណុចស៊ីជម្រៅទៅហើយ។
នៅមុខនេះ បន្ទាប់ពីសម្តែងរួមនឹង នាង សាត់ រស្មី ក្នុងបទចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា តែងតែលួចសរសើរសាត រស្មី ប្រាប់មិត្តអ្នកសិល្បៈ ថាស្អាត និងថែមលួចបង្ហើបថានាងជាមេផ្ទះដ៏ឆ្លាតវៃផងដែរ ដោយចេះទុកដាក់ និយាយរួមរឿងអាហារ ចេះធ្វើសព្វគ្រប់បំពេញចិត្តលោក។ បន្ថែមនោះ ក៏ត្រូវបានមិត្តភ័ក្តស្និទ្ធនិងម៉ារ៉ា ប៊ុណ្ណា ទម្លាយទៀតថា «ម៉ារ៉ា ប៊ុណ្ណា និងសាត រស្មី កំពុងផ្អែមល្ហែម ជាមួយគ្នា ដោយរួមរស់ក្នុងដំបូល តែមួយ ជាមួយគ្នា ដូចលលកញីឈ្មោល»។
ប៉ុន្តែពេលសូមការបកស្រាយនោះ ម៉ារ៉ា ប៊ុណ្ណា មិនបានបដិសេធនឹងព័ត៌មានកំពុងល្បីរន្ទឺនោះទេ ។ ប៉ុន្តែលោកថា «រឿងនេះមានទុកឲ្យពេលវេលាស្រាយបំភ្លឺ។យ៉ាងណាបន្តិចទៀតនឹងដឹងច្បាស់»។
