តារាកំប្លែងនាយ សង់ ស៊ីស ប្រាណរួមរឹតជំងឺវ័យជរានិយាយមិនរួច នៅតែផ្តល់ភាពផ្អែមល្ហែមជូនភរិយាថ្ងៃខួបកំណើតក្មេងឃើញខ្មាស់

0
267

បាត់ដំបង៖ រំលឹកដល់ឈ្មោះ នាយ សង់ ស៊ីស តារាកំប្លែងល្បី តែពេលនេះមហាជន បានដក់នូវក្តីអាណិត អាឡោះអាល័យ ឮដំណឹងពីការផ្សព្វផ្សាយថា តារាកំប្លែងរូបនេះ អស់ឳកាសឡើងឆាកសិល្បៈ ទាំងកាយសប្បទានៅរឹងមាំ ដើរហើរទៅណាក៏បាន ភ្នែកក៏នៅភ្លឺ តែទាស់ម្យ៉ាងនិយាយមិនរួច។ តែយ៉ាងណា តារាកំប្លែងវ័យជើងចាស់ នាយ សង់ ស៊ីស ថ្មីៗនេះក៏ធ្វើឲ្យមហាជនស្ងើចសរសើរមិនតិចទេ ពីរូបភាពផ្អែមល្ហែមជាមួយភរិយារបស់គាត់ក្នុងវ័យជរាដូចគ្នា នៅថ្ងៃខួបកំណើត។

រូបភាពដែលមហាជន ដាក់ការតាមដាន និងសម្តែងការកោតសរសើរ រំលេចពីភាពផ្អែមល្ហែម ពីនាយ សង់ ស៊ីស តារាកំប្លែងល្បី ជាមួយនឹងយាយរបស់គាត់ ខណៈយាយលើនំខួបកំណើត ដែលមានសរសេរអក្សរផុសនៅលើនំពាក្យថា រីករាយខួបកំណើតម៉ែជាទីស្រឡាញ់ ០៨ ០៥ ២០១៩ នាយ សង់ ស៊ីស បានអោនទៅថើបយាយ ក្នុងកាយវិការស្នេហាវ័យជរាដ៏ផ្អែមល្ហែម។  

យ៉ាងណា ព័ត៌មានមិនបានបង្ហាញឲ្យអស់ចម្ងល់មហាជន ថា ឆ្នាំនេះភរិយាដ៏ល្អរបស់ នាយ សង់ ស៊ីស មានវ័យប៉ុន្មាននោះក្តី តែនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានឃើញរូបភាព នាយ សង់ ស៊ីស វ័យជរា និយាយលែងរួមនៅតែបង្ហាញភាពផ្អែមល្ហែមនិងជីវិតស្នេហាវ័យ កោងខ្នងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា។

នៅក្នុងថ្ងៃកំណើតរបស់ភរិយាលោក ថ្វីបើមានតែនំខេកមួយយ៉ាងណាក្តី តែមើលទៅពិតជាមានសុភមង្គលខ្លាំង ជាងការធ្វើធំដុំទៅទៀត ព្រោះថា អត្ថន័យនៃសកម្មភាពរបស់នាយ សង់ ស៊ីស ថើបភរិយា បង្ហាញក្តីស្រឡាញ់នោះពិតជាមានន័យជ្រៅ ពោរពេញដោយសុភមង្គលខ្លាំង និងភាពរីករាយ មានកូនចៅជុំគ្នាជុំសាទរក្អាកក្អាយផង ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរ ដល់ នាយ សង់ ស៊ីស គ្រប់គ្នា ដែលវ័យច្រើនប៉ុណ្ណឹងហើយ លោកនៅតែផ្តល់នូវការស្រឡាញ់ចំពោះភរិយា និងគ្រួសារខ្លាំង។ ទង្វើទាំងនេះ ក៏ជាគំរូដ៏ល្អមួយសម្រាប់បណ្តាអ្នកគាំទ្រ ក្មេងចាស់ប្រុសស្រីទាំងអស់ផងដែរ៕

Comments