សុគន្ធ និសា «ធ្វើចិត្ត​​ឲ្យខ្លាំង ហើយ​​តស៊ូ​កុំ​បោះបង់​ខ្លួនឯង ទើប​អាច​ដោះស្រាយ​បញ្ហាបាន»!

0
681

(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្រស់ សំនៀងស្រទន់ កញ្ញា សុគន្ធ នីសា ដែលកំពុងមានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីមកជ្រកក្រោមទ្រនំហង្សមាសវិញ ដោយទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន តាមរយៈការច្រៀង ធ្វើជាគណកម្មការក្នុង កម្មវិធីប្រលងចម្រៀង «The Voice Kid Cambodia» និងល្បីថាធ្វើជាតួឯកក្នុងរឿងភាគ ប្រចាំហង្សមាសផងនោះ។

ទោះបីជា សុគន្ធ នីសា មានការផ្លាស់ប្ដូរផលិតកម្ម ច្រើនលើកច្រើនសារក៏ដោយ តែការវិលត្រឡប់ចូលទ្រនំហង្សមាសវិញ ទស្សនិកជនសង្កេតឃើញថា នាងហាក់មានប្រជាប្រិយភាពខ្លាំងជាងមុន ខណៈដែលថ្មីៗនេះ នាងបានទម្លាយប្រយោគប៉ុន្មានឃ្លា ធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកគាំទ្រនាង បានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។

ជាការពិតណាស់ បើយោងតាមផេកហ្វេសប៊ុករបស់ កញ្ញា សុគន្ធ នីសា បានសរសេរថា «ពេលនៅម្នាក់ឯង តស៊ូការលំបាកនឹងជីវិត មិនត្រូវគិតទេថា នឹងត្រូវខឹងនឹងអ្នកដទៃ ដែលមិនបានមករួមទុក្ខជាមួយ ត្រូវចេះគិតថា ជីវិតម្នាក់ៗសុទ្ធតែពិបាក យើងក៏មិនបានទៅរួមទុក្ខនឹងបញ្ហារបស់គេដែរ រវល់ទៅខឹងនឹងគេ អន់ចិត្តនឹងគេ កាន់តែធ្វើឲ្យខ្លួនឯងទន់ខ្សោយ ហើយខាតពេលខ្លួនឯង អន់ចិត្តមិនអាចដោះស្រាយបញ្ហា បានទេ។ ធ្វើចិត្តឲ្យខ្លាំងហើយតស៊ូ កុំបោះបង់ខ្លួនឯង ទើបអាចដោះស្រាយបញ្ហាបាន»

គួរបញ្ជាក់ថា កញ្ញា សុគន្ធ នីសា កំពុងតែទាក់ទាញប្រជាប្រិយភាព ពីទស្សនិកជនកាន់តែខ្លាំង តាមរយៈការវិលមករកទ្រនំចាស ផលិតកម្មហង្សមាសវិញ។ បច្ចុប្បន្ននេះ នាងកំពុងតែមានភាពមមាញឹក ក្នុងការថតរឿង។ លើសពីនេះ ខ្សែភាពយន្ដ ដែលនាងសម្ដែង នឹងធ្វើការចាក់បញ្ចាំងក្នុងប៉ុស្ដិ៍ទូរទស្សន៍ហង្សាមាស ក្នុងពេលឆាប់ៗនេះ៕

Comments